ទួរគី បង្ហើបថា រុស្ស៊ី និងអ៊ុយក្រែន នឹងចុះ​កិច្ចព្រមព្រៀង​លើ​ការ​ចាប់ផ្តើម​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ឡើង​វិញ ដែលជាសញ្ញាល្អជួយបន្ធូរបន្ថយការកើនឡើងនៃតម្លៃអាហារ
សេដ្ឋកិច្ច July 22, 2022 Khmernote

ប្រទេសទួរគីបានឱ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ។ ការចុះហត្ថលេខានេះ គឺជាសញ្ញាដ៏ល្អប្រសើរមួយដែលអាចបន្ធូរបន្ថយការគំរាមកំហែងនៃវិបត្តិស្បៀងអាហារ ដែលកំពុងជះឥទ្ធិពលទៅលើមនុស្សរាប់លាននាក់ជុំវិញពិភពលោក។

ប្រទេសទួរគី ដែលជាសមាជិកណាតូ មានទំនាក់ទំនងល្អជាមួយប្រទេសកំពុងធ្វើសង្រ្គា.ម គ្រប់គ្រងច្រកសមុទ្រដែលឈានទៅដល់សមុទ្រខ្មៅ ហើយបានដើរតួជាអ្នកសម្រុះសម្រួលលើបញ្ហានេះ។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយត្រូវបានដឹកនាំនៅទីនោះ។

ក្រុង​អង់ការ៉ា​ បាន​និយាយ​ថា ភាគី​ទាំងពីរ នឹង​សរសេរ​កិច្ចព្រមព្រៀង​មួយ​ដែល​ពួកគេ​បាន​ព្រមព្រៀង​ជា​គោលការណ៍​ក្នុង​កិច្ច​ពិភាក្សា​កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​អ៉ីស្តង់ប៊ុល។ ទោះបីជាយ៉ាងណាក្ដី ព័ត៌មានលម្អិតពេញលេញនៃកិច្ចព្រមព្រៀងមិនត្រូវបានចេញផ្សាយភ្លាមៗទេ ដោយការិយាល័យប្រធានាធិបតី Tayyip Erdogan បាននិយាយថា វានឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រ នៅការិយាល័យវិមាន Dolmabahce។

គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអាហារដ៏ធំបំផុតរបស់ពិភពលោក ហើយកំពង់ផែរបស់អ៊ុយក្រែន រួមទាំងមជ្ឈមណ្ឌលសំខាន់នៃ Odesa ត្រូវបានរារាំងដោយកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។ ការបញ្ឈប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិក្នុងអំឡុងសង្រ្គាមរយៈពេលប្រាំខែ បានបណ្តាលឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនៅជុំវិញពិភពលោក ហើយការបើកច្រករបស់អ៊ុយក្រែនឡើងវិញអាចទប់ស្កាត់គ្រោះទុរ្ភិក្សបាន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ aljazeera, bwbx, cdnuploads