ក្នុងឆមាសទី១ នៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ១៩៧០លានដុល្លារ កើនឡើង ៣០%
សេដ្ឋកិច្ច July 20, 2022 Khmernote

ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។

តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ នៃឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមអគ្គនាយកដ្ឋានពន្ធដារ សរុបមកក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧.១៩% អាករលើតម្លៃបន្ថែម ៣៣.៣៧% ពន្ធលើប្រាក់បៀវត្ស ២៥.១៦% អាករពិសេស ៣៤.០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤.៣៨%, និងពន្ធលើឈ្នួលផ្ទះ និងដី ១០.១២%៕

អត្ថបទ៖ លីនី