ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៤ សម្រាប់ខេត្ត ៣ ក្នុងនោះខេត្តក្រចេះទទួលបានគម្រោងធំជាងគេ
សេដ្ឋកិច្ច July 19, 2022 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទុនវិនិយោគសរុបចំនួន ៩៦.៨លានដុល្លារ និងបង្កើតការងារជាង ២ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

២- “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

៣- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៤- “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

អត្ថបទ៖ លីនី