យោងតាមការចុះផ្សាយក្រសួងសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បន្ទាប់ពីបង់វិភាគទានប្រាក់សោធននិវត្តន៍រួចហើយ បងប្អូនកម្មករនិយោជិតកុំភ័យក្នុងការបាត់បង់ ទោះបីជាឈប់ធ្វើការពីកន្លែងមួយ ហើយទៅកន្លែងមួយទៀតក៏ដោយ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកា រដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាមួយតំណាងនិយោជក នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារីថា «ពេលនេះជាដំណាក់សំខាន់ណាស់ក្នុងវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅកម្ពុជា ដើម្បីរៀបចំប្រព័ន្ធសន្តិសង្គម សម្រាប់ប្រជាជាតិយើង»។
ឯកឧត្តមបានលើកឡើងថា ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម នឹងចុះទៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស ដើម្បីធ្វើការណែនាំពន្យល់បន្ថែមទៀតដើម្បីឱ្យកម្មករបានយល់ ប៉ុន្តែសូមតំណាង និយោជក ដែលត្រូវរួមក្នុងពិធីផ្សព្វផ្សាយថ្ងៃនេះត្រូវធ្វើការផ្សព្វផ្សាយដល់កម្មករឱ្យ បានយល់ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ការដំណើរប្រាក់សោធននេះគឺធ្វើយ៉ាងណាដើម្បី ធានាតម្រូវអប្បរមាសម្រាប់កម្មករធ្វើការងារ ហើយមានតម្រូវសម្រាប់ការរស់នៅដែលមាន ប្រាក់ខែសម្រាប់ចិញ្ចឹមខ្លួន មានការធានានៅពេលខ្លួនឈឺនៅពេលណាមួយ និងសម្រាប់ ខ្លួននៅពេលចាស់អាយុ៦០ឆ្នាំ ពេលធ្វើការងារមិនកើត(ចូលនិវត្តន៍)ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា «នៅពេលកម្មករចូលនិវត្តន៍ អត់ការងារធ្វើគឺប្រឈមនឹង ហានិភ័យខ្ពស់ណាស់ ដូច្នេះនៅពេលធ្វើការងារហើយបានបង់ចូលរបបសន្តិសុខសង្គម ហើយរបបប្រាក់សោធននិវត្តន៍នេះយើងនឹងទទួលបានមកវិញ»។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះភាគីនយោជក បានបង់ប្រាក់ផ្នែកហានិភ័យការងារ និងផ្នែកថែទាំងសុខភាព ដោយមកដល់ពេលគ្រប់សហគ្រាសបានអនុវត្តន៍កាតព្វកិច្ចនេះទៀងទាត់និងតាមច្បាប់កំណត់ផងដែរ។ ប៉ុន្តែក៏ មានសហគ្រាសភាគតិច ក៏មិនបានបង់ទៀងទាត់ដែរ។
ឯកឧត្តមបន្ថែមថា ប្រាក់សោធននិវត្តន៍ត្រូវចាប់អនុវត្តន៍ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែមិនអាចអនុវត្តន៍ភ្លាមៗបានទេ គឺត្រូវការពេល៣ខែឬ ៩០ថ្ងៃដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយ ដូច្នេះនៅពេលយុទ្ធនាការ៩០ថ្ងៃមកគឺចាប់ផ្តើម បង់វិភាគទានតែម្តង។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឱ្យម្ចាស់សហគ្រាសទាំងអស់ ត្រូវត្រៀមក្នុងការបង់វិភាគទាន។ តែសម្រាប់សមាជិកបេឡាជាតិសន្តិសុខសង្គម(បសស) ខ្លះគ្រាន់តែបំពេញបែបបទខ្លះគឺ ត្រូវបង់ប្រាក់វិភាគទានដោយស្វ័យប្រវត្តិ។
ឯកឧត្តមថា វិភាគទានដែលត្រូវបង់លើរបបសន្តិសុខសង្គមនេះ៤ភាគរយ តែនិយោជក ចំនួន២ភាគរយ កម្មករ២ភាគរយ អីចឹងសម្រាប់និយោជកថែម ២ភាគរយទៀត បូកទាំងលើក មុនទៀត ៣.៤ភាគរយ នោះនិយោជកត្រូវបង់ស្មើ៥.៤ភាគរយ។ ចំពោះការបង់វិភាគទាននេះ អនុវត្តរយៈពេល៥ឆ្នាំដំបូង ហើយរយៈពេល៥ឆ្នាំបន្ទាប់ទៀតអាចនឹងកើនផងដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «នៅពេលបងប្អូនកម្មករចូលរួមបង់វិភាគទាននៅពេលខាងមុខនឹងទទួលបានអត្ថប្រយោជន៍ច្រើន។ ការបង់ប្រាក់សោធន នេះមិនបានបាត់បង់នោះទេ ទោះបីជាបងប្អូនកម្មករឈប់ធ្វើការពីកន្លែងមួយ ទៅ ធ្វើការកន្លែងមួយទៀតក៏ដោយ»។
ឯកឧត្តមបញ្ជាក់ថា «ឧទាហរណ៍យើងធ្វើការនៅសហគ្រាសមួយបើយើងបង់ពីពេល ឥឡូវទៅស្រាប់តែមួយឆ្នាំក្រោយឈប់ធ្វើការកន្លែងហ្នឹង ក៏យើងមិនបាត់របបសោធននិវត្តន៍ដែរ។ បើបង់មួយឆ្នាំ បងប្អូនមានមួយឆ្នាំ ហើយបើសិនទៅធ្វើការកន្លែងផ្សេងកាត ប.ស.ស ឬអត្តសញ្ញាណប័ណ្ណគឺបន្តនៅកន្លែងមួយហ្នឹងទៀត»។
ឯកឧត្តមក៏បានអះអាងថា បង់ប្រាក់សោធននេះគឺជាប្រាក់សន្សំសម្រាប់នៅពេលចាស់ទៅ ដោយកុំខ្លាចដកប្រាក់វិញមិនបាន ពីព្រោះថាកាតដែលកាន់នោះគឺត្រូវបានគណនារួចជាស្រេចហើយ អាចទៅបើកនៅធនាគារបាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សហគ្រាស រោងចក្រទាំងអស់ គឺមានកាតព្វកិច្ចសម្រាប់អនុវត្តន៍ការបង់ប្រាក់សោធននិវត្តន៍នេះ ហើយត្រូវធ្វើបញ្ជីបុគ្គលិក ឱ្យបានល្អ ដោយកុំឱ្យមានសេសសល់បុគ្គលិកក្នុងការដាក់បញ្ចូលក្នុងការបង់ប្រាក់សោធន នេះឱ្យសោះ។
ឯកឧត្តមបញ្ជាក់ថា «រឿងនេះសំខាន់ណាស់ ឧទាហរណ៍អ្នកខ្លះ គេខិតខំធ្វើការជាមួយយើង តែដល់ពេលចូលនិវត្តន៍អត់មានរបបសោធននិវត្តន៍ គឺសហគ្រាសនឹងមានបញ្ហា ហើយ នឹងទទួលអ្វីដែលច្បាប់កំណត់»៕


ប្រភព៖ ក្រសួងព័ត៌មាន


