កម្ពុជារំពឹងថា ភ្ញៀវទេសចរចិន នឹងត្រឡប់មកឈរនៅលេខរៀងទី១វិញ បើរដ្ឋាភិបាលចិនដកចេញនូវគោលនយោបាយ “ហេ្សរ៉ូកូវីដ”
ទេសចរណ៍ July 14, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៤ ខែកក្កដា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា ភ្ញៀវទេសចរចិន នឹងត្រឡប់មកឈរនៅលេខរៀង ទី១វិញក្នុងឧស្សាហ៍កម្មទេសចរកម្ពុជា ប្រសិនបើរដ្ឋាភិបាលចិនដកចេញនូវគោលនយោ បាយហេ្សរ៉ូកូវីដ ដែលអាចសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរចិនទៅ កាន់គោលដៅផ្សេងៗ ស្របពេលថ្មីៗនេះចិនក៏បានលុបចោលការធ្វើ «ចត្តាឡីស័ក» នៅកម្ពុជា មុនហោះទៅចិនផងដែរ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន បានធ្វើឱ្យប៉ះពាល់ការហូរចូលនៃភ្ញៀវទេសចរចិនមកកម្ពុជា ព្រោះតែការកំណត់ចំនួនថ្ងៃធ្វើ ចត្តាឡីស័ក មានរយៈពេលយូរពិបាកក្នុងការធ្វើដំណើរចេញចូល ខណៈមិនទាន់កើតឡើង នូវវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិនបានឈរលំដាប់លេខ១ ដែលមកទស្សនាកម្ពុជាច្រើន ជាងគេបំផុត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីជឿជាក់ថា នៅពេលដែល រដ្ឋាភិបាលចិនបើកប្រទេសឡើងវិញ ដោយលុបចោលនូវគោលនយោបាយសូន្យកូវីដនោះ ភ្ញៀវទេសចរចិននឹងមកលេងកម្ពុជាច្រើនដូចពេលមុនកូវីដ ហើយស្របពេលដែលកម្ពុជាក៏ បានបន្ធូរបន្ថយនូវវិធានការចេញចូល ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមកម្រើកឡើងវិញបន្តិច ពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវគោកជាមួយប្រទេសជិតខាងកម្ពុជា គឺថៃ និងវៀតណាម។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា មុនពេលមានវិបត្តិកូវីដ១៩ កើនឡើង ចិនជាប្រទេសឈរលំដាប់ទី១ ដែលមកទស្សនាកម្សាន្តនៅកម្ពុជាច្រើនជាងគេ ដោយក្នុងឆ្នាំ២០១៨ មានជិត ២លាននាក់ ស្មើនឹង៣០ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិ សរុប និងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានប្រមាណ ២លាន៣សែននាក់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរក៏ដូចជាដកចេញនូវរបាំង ធ្វើតេស្តសុខភាព កូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញជាបន្តបន្ទាប់នោះ កម្ពុជាទទួលបាន នូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុងនោះយើងសង្កេតឃើញថា ភ្ញៀវទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេ ដែលធ្វើដំណើរមកកាន់កម្ពុជា ស្របពេល ដែលប្រទេសទាំងពីរនេះជាប្រទេសជិតខាងកម្ពុជាផង និងជាប្រទេសដែលបានប្រកាសបើក ដំណើរការសេដ្ឋកិច្ចឡើងវិញបណ្ដើរៗហើយ រួមនឹងការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ មួយចំនួនផងដែរ។

លោកជំទាវបញ្ជាក់ថា ទីផ្សារភ្ញៀវទេសចរចិន អាចនឹងមិនទាន់វិលត្រលប់មកកម្ពុជា ច្រើនភ្លាមៗបានទេ ដោយសារស្ថានភាព និងល័ក្ខខ័ណ្ឌ មិនទាន់អំណាយផល ដូច្នេះយើងក៏មិនអាចរង់ចាំតែទីផ្សារចិនមួយមុខនោះទេ គឺត្រូវព្យាយាមពង្រឹង និងផ្សាយពីគោល ដៅទេសចរ ទៅកាន់ប្រទេសជាសមាជិកអាស៊ានដដៃផ្សេងទៀត ដើម្បីឈានទៅសម្រេចឱ្យ បាននូវការព្យាករណ៍ទុករបស់ក្រសួងទេសចរណ៍ ដែលនឹងទាក់ទាញឱ្យបាន ១លាននាក់ នៅឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានកែតម្រូវល័ក្ខខ័ណ្ឌជាច្រើន ក្នុងការបង្ការ និងគ្រប់គ្រងពីចម្ងាយ ការឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះចិនបាន លុបចោលការធ្វើ «ចត្តាឡីស័ក»នៅកម្ពុជាមុនហោះទៅចិន។ ពោលគឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ សម្រាប់អ្នកដំណើរពីកម្ពុជា មុនពេលចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ដោយគ្រាន់តែអ្នកដំណើរទាំងអស់ បំពេញការធ្វើតេស្ត ចំនួន២ដង មុនពេលចេញដំណើរនៅស្ថាប័នស្របច្បាប់ចំនួន២ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) និងមន្ទីរពេទ្យព្រះកេតុមាលា៕

ប្រភព៖ ក្រសួងព័ត៌មាន