ប្រេស៊ីល ហៅរុស្ស៊ីថាជា “ដៃគូយុទ្ធសាស្រ្ត” និងបង្ហាញបំណងចង់ទិញប្រេងម៉ាស៊ូតពីរុស្ស៊ីក្នុងចំនួនច្រើនតាមដែលអាចធ្វើទៅបាន
សេដ្ឋកិច្ច July 14, 2022 Khmernote

រដ្ឋមន្រ្តីការបរទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីលចង់ទិញប្រេងម៉ាស៊ូតពីរុស្ស៊ីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ នេះយោងតាមការចុះផ្សាយរបស់ marketwatch។ លោក Carlos França បានហៅប្រទេសរុស្ស៊ីថាជា “ដៃគូយុទ្ធសាស្រ្ត” ហើយបាននិយាយថា ប្រទេសប្រេស៊ីលកំពុងខ្វះខាតប្រេងម៉ាស៊ូត។

លោកបានបន្តថា ​ជា​ការ​ពិតណាស់ ប្រេស៊ីល​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​​មាន​ប្រេង​ម៉ាស៊ូត​គ្រប់គ្រាន់​សម្រាប់​អាជីវកម្ម​ កសិឧស្សាហកម្ម​ប្រេស៊ីល និងសម្រាប់​អ្នកបើកបរ​ប្រេស៊ីល​។ ដូច្នេះហើយនេះជាមូលហេតុដែលប្រេស៊ីលកំពុងស្វែងរក អ្នកផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលគួរឱ្យទុកចិត្តបំផុត ហើយរុស្ស៊ីគឺជាម្នាក់ក្នុងចំណោមអ្នកផ្គត់ផ្គង់ទាំងនោះ។

ជាមួយគ្នានោះដែរ លោក Carlos ក៏បានលើកឡើងផងដែរថា ប្រេស៊ីលមាន “កិច្ចព្រមព្រៀង” ហើយប្រេងម៉ាស៊ូតរបស់រុស្ស៊ី អាចចាប់ផ្តើមមាននៅលើទឹកដីប្រេស៊ីលក្នុងរយៈពេល ៦០ថ្ងៃទៀត។ មិនតែប៉ុណ្ណោះ សូម្បីតែប្រធានាធិបតីប្រេស៊ីលក៏បានប្រាប់អ្នកគាំទ្រផងដែរថា ប្រេស៊ីល ហៀបនឹងទទួលបានប្រេងម៉ាស៊ូតដែលមានតម្លៃ “ធូរថ្លៃ” ពីរុស្ស៊ីទៅហើយ។

គួរបញ្ជាក់ផងដែរថា បើតាមការកត់សម្គាល់របស់លោក Carlos ប្រេស៊ីល និងរុស្ស៊ី គឺជាដៃគូនៅក្នុងក្រុម (BRICs) នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដែលរួមមានឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ជាមួយគ្នានេះដែរ ក្រៅពីការពឹងផ្អែកប្រេងម៉ាស៊ូត ប្រេស៊ីលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលជីពីរុស្ស៊ី រួមទាំងពីបេឡារុស្សផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ marketwatch
រូបភាពពី៖ media.ambito, straitstimes, s.yimg