យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃ នឹងត្រូវបានដំឡើងថ្លៃចាប់ពីខែកញ្ញាខាងមុខនេះ ដោយសារតម្លៃប្រេងឡើងថ្លៃ។ គណៈកម្មការនិយតកម្មថាមពល (ERC) បាននិយាយកាលពីថ្ងៃចន្ទថា វិក្កយបត្រអគ្គិសនីក្នុងគ្រួសារនឹងកើនឡើង ៥បាត (០.១៤ដុល្លារ) ក្នុងមួយឯកតានៅចុងឆ្នាំនេះ ដោយសារតម្លៃប្រេងឥន្ធនៈទំនងជាឡើងដល់ ១០០សាតាង (១០០ សាតាងស្មើនឹង ១បាត) ក្នុងមួយឯកតា។
គណៈកម្មការនិយតកម្មថាមពល (ERC) បានបន្តថា ការកើនឡើងនៃតម្លៃប្រេង គឺមកពីការកើនឡើងនៃតម្លៃនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលបានកើនឡើងដល់ ៣០ដុល្លារក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) ពី ២០ដុល្លារ ក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) កាលពីមុន។
គួរឱ្យដឹងថា បើតាមគណៈកម្មការនិយតកម្មថាមពល (ERC) អាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ (Egat) កំពុងទទួលបន្ទុកថ្លៃប្រេងឥន្ធនៈជាង ៨០ពាន់លានបាត ដូច្នេះ (ERC) ប្រហែលជាត្រូវកាត់បន្ថយបន្ទុកនេះដោយការបង្កើនតម្លៃប្រេងបន្តិចម្តងៗ។ ជាមួយគ្នានេះដែរ (ERC) បានបញ្ជាក់ថា វិក្កយបត្រអគ្គិសនីនឹងរងផលប៉ះពាល់ដោយការកើនឡើងតម្លៃ LNG ដែលនាំចូលយ៉ាងហោចណាស់ពីរឆ្នាំ ពោលគឺ ថ្លៃអគ្គិសនីនឹងឡើងខ្ពស់ចាប់ពីចុងឆ្នាំនេះដល់ពេញមួយឆ្នាំក្រោយ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


