ទីក្រុងភ្នំពេញ ជាប់ចំណាត់ទី៣ ជាទីក្រុងដែលមានអាហារធូរថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
សេដ្ឋកិច្ច July 12, 2022 Khmernote

គេហទំព័រហ្វេសប៊ុក Destination SEA ថ្មីៗនេះបានចុះផ្សាយពីទីក្រុងចំនួន១០ ដែលមានតម្លៃអាហារថោកបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់ទី៣ ជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចាត់ថ្នាក់ដោយ Foodie Destinations Index 2022។ ចំណាត់ថ្នាក់ទី១ បានទៅលើទីក្រុង ហាណូយ និងទី២ គឺទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម។

ក្រៅពីទីក្រុងដែលរៀបរាប់ខាងលើ ក៏នៅមានទីក្រុងចំនួន ៧ទៀត ដែលត្រូវបានចាត់ចូលជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមាន៖ ទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន),ឈៀងម៉ៃ (ប្រទេសថៃ),កូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី), ទីក្រុងភូកេត (ប្រទេសថៃ),ទីក្រុង ហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី),ទីក្រុងបាងកក (ប្រទេសថៃ) និងទីក្រុងសិង្ហបុរី (ប្រទេសសិង្ហបុរី)។

គួរបញ្ជាក់ផងដែរថា Foodie Destinations Index ត្រូវបានដាក់បញ្ចូលជាលើកដំបូងនូវបញ្ជីទីក្រុងជាង ១៥០ដោយប្រើចំណាត់ថ្នាក់ “ទីក្រុងល្អបំផុតទាំង១០០ របស់ពិភពលោក” ពី bestcities.org និងប្រភពផ្សេងៗ។ បន្ទាប់មកបានវិភាគទីក្រុងនីមួយៗលើកត្តាមួយចំនួនដូចជា៖ ភោជនីយដ្ឋាន (អាហារ ,ភោជនីយដ្ឋាន ,តម្លៃថោក, អាហារសម្រាប់មនុស្ស 2នាក់ ភោជនីយដ្ឋានកម្រិតមធ្យម ស្រាបៀរក្នុងស្រុក, ស្រាបៀរ​ដែល​បាន​នាំ​ចូល និងកាហ្វេ) និងទីផ្សារ (ស្រា,ឈីសក្នុងស្រុក និងនំបុ័ង)។

ទាក់ទងទៅតម្លៃ Foodie Destinations Index ប្រើមូលដ្ឋានទិន្នន័យតម្លៃនៃការរស់នៅរបស់ Numbeo ធ្វើជាប្រភពទិន្នន័យចម្បងសម្រាប់ចំណាត់ថ្នាក់នេះ ដោយស្រង់ទិន្នន័យក្នុងខែមីនា ឆ្នាំ២០២២។ ក្នុងនោះមានតែទីក្រុងដែលមានទិន្នន័យគ្រប់ចំណុចដែលបានរៀបរាប់ខាងលើប៉ុណ្ណោះដែលត្រូវបានយកមកចាត់ថ្នាក់។ បន្ទាប់​មក​បាន​ចាត់​ថ្នាក់​ទីក្រុង​ពី​ដំបូង (ថោក​បំផុត) ទៅ​ចុង​ក្រោយ (ថ្លៃ​បំផុត) ដោយ​ផ្អែក​លើ​ទិន្នន័យ​នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ destinationsoutheastasia,bestcities.org, nomadlist, numbeo
រូបភាពដោយ៖ authenticfoodquest, theculturetrip