យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា ត្រឹមរយៈពេលតែ ៣ខែ ប្រទេសរុស្ស៊ីអាចរកចំណូលបាន ២៤ពាន់លានដុល្លារពីការលក់ថាមពលទៅឱ្យប្រទេសឥណ្ឌា និងចិន ទោះបីជាត្រូវបានដាក់ទណ្ឌកម្មជុំទិស ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។
តាមប្រភពដដែល ប្រទេសចិនបានចំណាយប្រាក់ ១៨.៩ពាន់លានដុល្លារលើប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល ៣ខែ គិតត្រឹមចុងខែឧសភា ដែលចំនួននេះ ស្ទើរតែទ្វេដងនៃចំនួនដែលខ្លួនបានទិញកាលពីឆ្នាំមុន ខណៈដែលឥណ្ឌាបានចំណាយ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។
សរុបមក រុស្ស៊ីរកបានប្រាក់ចំណូលបន្ថែមចំនួន ១៣ពាន់លានដុល្លារពីប្រទេសឥណ្ឌា និងការទិញទំនិញថាមពលរបស់ចិន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ Bloomberg Economics បានព្យាករណ៍ថា នៅឆ្នាំនេះ រុស្ស៊ីនឹងរកបាន ២៨៥ ពាន់លានដុល្លារពីការជំរុញការលក់ប្រេង និងឧស្ម័ន។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន និងឥណ្ឌាឥឡូវនេះមានចំនួន ៥០% នៃការនាំចេញប្រេងពីសមុទ្ររបស់រុស្ស៊ី ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការឈ្លានពានដែលមិនធ្លាប់មានពីមុនមក៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


