ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) គឺនាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងពីរលើក និងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ ឯកឧត្តមមិនត្រឹមតែជាមេដឹកនាំដ៏ល្អសម្រាប់ប្រជាជនជប៉ុន លោកក៏ជាមិត្ត និងថ្នាក់ដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជននៅលើពិភពលោក។
យោងតាមប្រសាសន៍របស់សម្ដេចតេជោ ដែលបានថ្លែងសារពិសេសនាព្រឹកថ្ងៃទី០៩ ខែកក្កដា នេះ បានឱ្យដឹងថា ឯកឧត្តម អាបេ បានបំពេញភារកិច្ចដ៏ធំ សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា ក្នុងនោះក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក ឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស ក៏ដូចជាកម្មវិធីអភិវឌ្ឍផ្សេងទៀត។ ឯកឧត្តម អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ដែលអាស៊ានចាត់ទុកជប៉ុនគឺជាដៃគូដ៏ល្អមិនអាចខ្វះបាន។ ជាមួយគ្នានេះដែរ ឯកឧត្តម អាបេ ក៏បានជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុន ដែលមានការប្រជុំជាទៀងទាត់រៀងរាល់ឆ្នាំ អមជាមួយនឹងការប្រជុំអាស៊ាន ឬ ការប្រជុំនៅក្នុងប្រទេសជប៉ុនតែម្ដង។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម អាបេ ស៊ីនហ្សូ បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ ដោយការធ្វើឃាតពីសំណាក់ជនទុច្ចរិតកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ មរណភាពរបស់លោក មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោ បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕


អត្ថបទ៖ លីនី


