ប្រទេសស្រីលង្កា កំពុងស្វែងរកទិញប្រេងតម្លៃទាបរបស់រុស្ស៊ី ខណៈប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ សារព័ត៌មានដដែលបានឱ្យដឹងថា ស្រីលង្កា គ្រោងនឹងបញ្ជូនគណៈប្រតិភូផ្លូវការទៅរុស្ស៊ី ដើម្បីចរចាកិច្ចព្រមព្រៀងប្រេង ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ ចំពេលមានវិបត្តិសេដ្ឋកិច្ច។
ប្រទេសកោះដែលមានប្រជាជន ២២លាននាក់ កំពុងអស់ប្រាក់បំរុងប្តូររូបិយប័ណ្ណបរទេស ខណៈដែលរូបិយប័ណ្ណរបស់ខ្លួនបានបាត់បង់តម្លៃពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ ដែលធ្វើឲ្យការនាំចូលការផ្គត់ផ្គង់សំខាន់ៗមានការលំបាក។ ជាមួយគ្នានេះ ស្រីលង្កា ក៏ជួបបញ្ហាកង្វះខាតឥន្ធនៈ អាហារ ថ្នាំពេទ្យ ផងដែរមកពេលបច្ចុប្បន្ននេះ។
រដ្ឋមន្រ្តីថាមពលស្រីលង្កា លោក Kanchana Wijesekera បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រេងឥន្ធនៈនៅសល់តិចណាស់ មិនគ្រប់នឹងប្រើសម្រាប់មួយថ្ងៃនោះទេ នេះបើយោងតាម BBC ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះ បានដាក់កម្រិតការលក់ប្រេងដល់អាជីវកម្មសំខាន់ៗរយៈពេលពីរសប្តាហ៍គឺចាប់ពីថ្ងៃពុធ។
យ៉ាងណាមិញ ដើម្បីគ្រប់គ្រងវិបត្តិនេះ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe កំពុងស្វែងរកការទិញប្រេងពីរុស្ស៊ី ហើយនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនានា។ លោក Wickremesinghe បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS កាលពីថ្ងៃចន្ទថា ក្រុមដឹកនាំដោយរដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ “ដើម្បីពិភាក្សាបន្ថែមទៀតអំពីរបៀបដើម្បីទទួលបានប្រេងពីប្រទេសរុស្ស៊ី” ។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ ប្រទេសស្រីលង្កាបានទទួលប្រេងពីរុស្ស៊ី ហើយក៏កំពុងស្វែងរកការនាំចូលឥន្ធនៈផ្សេងទៀតដូចជា ធ្យូងថ្ម ប្រេងម៉ាស៊ូត និងប្រេងសាំងពីប្រទេសអឺរ៉ុបខាងកើត នេះបើយោងតាមការរាយការណ៍របស់ AFP៕



អត្ថបទ៖ លីនី
ប្រភព៖ yahoo


