នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មកន្លងមក។ ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះជាឱកាសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱកាសធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍៖ ការកែច្នៃអាហារ គ្រាប់ស្វាយចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋាចរនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិត កែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។ ដោយឡែក ចំពោះសំណើឲ្យពិនិត្យលើ លក្ខណ្ឌនៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជា ផ្លែស្វាយក៏អាចលើកយកមកពិភាក្សានាឱកាសនោះផងដែរ។
ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពល្អៗជាច្រើនមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច។ល។ ដូច្នេះការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពកែច្នៃ ការជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណាតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារ:នៃជំនួបពិភាក្សារបស់ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុន ជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ៕



អត្ថបទ៖ លីនី


