កម្ពុជា បានខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
សេដ្ឋកិច្ច July 7, 2022 Khmernote

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់សន្សំសំចៃការ ប្រើប្រាស់អគ្គិសនីតាមដែលអាចធ្វើបាន ខណៈកម្ពុជា បាន និងកំពុងខាតបង់ទៅលើតម្លៃ អគ្គិសនីជាង១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែល បានធ្វើឱ្យតម្លៃថាមពល ឥន្ធនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់។

ក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ គណៈប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកមិញនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ សង្កត់ ធ្ងន់ថា ដោយសារតែវិបត្តិសង្គ្រាមរុស៊្សី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់តម្លៃឥន្ធនៈ ឧស្ម័ន អគ្គិសនី និងវិបត្តិថាមពលបានកើនឡើងខ្ពស់ ដែលធ្វើឱ្យកម្ពុជាក៏បានរងនូវផលប៉ះ ពាល់ទាំងនេះផងដែរ។

សម្តេចបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការឡើងថ្លៃអគ្គិសនី សម្រួលដល់ការងារអាជីវកម្ម និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការ ចេញថ្លៃខាតបង់ទៅដល់អគ្គិសនីកម្ពុជា ដែលគិតជាទឹកប្រាក់រហូតដល់ជាង១០០លាន ដុល្លាររួចទៅហើយ។

នៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័ន ទាំងអស់ ផ្តើមចេញពីស្ថាប័នរដ្ឋមុនគេឱ្យចូលរួមសន្សំសំចៃការប្រើប្រាស់អគ្គិសនី តាមដែល អាចធ្វើទៅបាន ដើម្បីទប់ស្ថានការណ៍ជាសកលនៃវិបត្តិថាមពល ដែលកំពុងរងផលប៉ះពាល់ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សូមបញ្ជាក់ថា បើយើងមើលពីរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បាន បង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យ អគ្គិសនី ប្រមាណ ១ ៦០០ លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជា មានទឹក ប្រាក់ ៦០០លានដុល្លារអាម៉េរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១០០០ លានដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន