សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជាកំពុងខាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកាន់តែខ្ពស់ទៅ។ សម្ដេចតេជោបានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំសូមអំពាវនាវចំពោះពលរដ្ឋរបស់យើងខិតខំសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្ដាស្ថាប័នរបស់ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តអគ្គិសនី ដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះពេលនេះភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្ដងជាពីរដងរួចទៅហើយ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនទាន់បានដំឡើងថ្លៃផ្លើងទេ រោងចក្រសហគ្រាសមួយចំនួនគឺប្រឈមនឹងការខាតបង់ដោយសារតែឡើងថ្លៃអគ្គិសនី ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវបំពេញខាត សព្វថ្ងៃនេះគឺខាតហើយ រឿងពេលកូវីដ ប្រេងចុះថ្លៃ ដល់ទៅពេលកូវីដចាប់ផ្ដើមថមថយ សេដ្ឋកិច្ចចាប់ផ្ដើមឡើងវិញ ប្រេងក៏បានឡើងថ្លៃល្មមទេ ប៉ុន្តែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មទៅវិញទៅមក ធ្វើឱ្យប្រេង គេហៅវិបត្តថាមពលបានកើតពេញបន្ទុកនៅលើពិភពលោករួចស្រេចទៅហើយ។”
សម្ដេចបានបន្តមានប្រសាសន៍ថា៖ “ឆ្នាំនេះកម្ពុជាយើងសំណាង ចេះទេវតាជួយយើងនៅត្រង់ថាភ្លៀងច្រើនទឹកចូលអាង វារីអគ្គិសនីយើងបានដើរ បូកជាមួយនឹងពន្លឺព្រះអាទិត្យយើង យើងបានកាត់បន្ថយបានចំនួនខាតបង់មួយចំនួន ប៉ុន្តែប្រសិនបើវារីអគ្គិសនីរបស់យើងដើរមិនគ្រប់ ហើយបែរជាត្រូវផលិតថាមពលចេញមកពីធ្យូងថ្ម ពីប្រេងឥន្ធនៈ តម្លៃអគ្គិសនីឡើងកប់ពពក។ អ៉ីចឹងខ្ញុំសូមអំពាវនាវគ្រប់ីកន្លែងទាំងអស់ ឱ្យយកចិត្តទុកដាក់ទៅលើការសន្សំសំចៃភ្លើង ហើយចាប់ផ្ដើមពីស្ថាប័នរដ្ឋដែលប្រើប្រាស់ដោយថវិកាជាតិ បើមិនអ៉ីចឹងទេយើងនឹងទទួលការខាតបង់កាន់តែធំ”។
សូមបញ្ជាក់ផងដែរថា យោងតាមប្រសាសន៍សម្ដេចតេជោ ក្នុងឆ្នាំនេះ តាមការគិតកម្ពុជាខាតបង់ប្រមាណជាង ១០០លានដុល្លារ ដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងដោយសារការដាក់ទណ្ឌកម្ម៕





ប្រភព៖ ក្រសួងព័ត៌មាន


