ក្រៅពីខ្វះប្រេង និងអគ្គិសនី ប្រជាជនស្រីលង្កា កំពុងប្រឈមនឹងវិបត្តិអាហារ និងទឹកដោះគោសម្រាប់កូនតូចៗផងដែរ
សេដ្ឋកិច្ច July 5, 2022 Khmernote

ក្រៅពីបញ្ហាខ្វះប្រេងប្រើប្រាស់ធ្ងន់ធ្ងរ នៅពេលនេះប្រជាជនស្រីលង្កាជាច្រើនគ្រួសារចាប់ផ្ដើមជួបបញ្ហាថ្មីមួយទៀត គឺកង្វះអាហារ និងម្សៅទឹកដោះគោសម្រាប់កូនតូចៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ដែលដកស្រង់ពី BBC News នៅថ្ងៃទី០៥ ខែកក្កដា នេះ បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូន បានកាន់ចានតម្រង់ជួរ ដើម្បីទទួលបានអាហារ ដែលអាហារនេះ ទំនងជាអាហារតែមួយពេលគត់ក្នុងមួយថ្ងៃសម្រាប់ពួកគេ។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់ BBC ថា ឥឡូវនេះប្រទេសស្រីលង្កា កំពុងរៀបនឹងធ្លាក់ចូលនៃវិបត្តិមនុស្សធម៌។ អង្គការនេះបានរកឃើញថា ៧០% នៃគ្រួសារក្នុងប្រទេសនេះ បានកាត់បន្ថយរបបអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏អស់យ៉ាងលឿនផងដែរ។

ជាមួយគ្នានេះដែរ គ្រូគង្វាលនៅសាលព្រះវិហារក្នុងទីក្រុង កូឡុំបូ ម្នាក់បានឱ្យដឹងថា អ្នកខ្លះហូបអាហារតែមួយចានប៉ុណ្ណោះក្នុងមួយថ្ងៃក្នុងរយៈពេល ៤ខែចុងក្រោយនេះ។ ហើយតាមការបា៉ន់ស្មានរបស់គាត់​ ចំនួន​មនុស្ស​ដែល​មក​តម្រង់​ជួរ​រក​អាហារ​បាន​កើន​ឡើង​ពី ៥០ ទៅ ២៥០ នាក់​ក្នុង​មួយ​ថ្ងៃ ខណៈតម្លៃម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កាបានកើនឡើង ៨០% នៅក្នុងខែមិថុនាកន្លងទៅនេះ។

អភិបាល​ក្រុង ​កូឡុំបូ​ ក៏បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រាជធានី​មាន​អាហារ​គ្រប់​គ្រាន់​រហូត​ដល់​ខែ​កញ្ញា​ប៉ុណ្ណោះ។ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងឧស្ម័នចម្អិនអាហារ រួមទាំងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ គ្រួសារនីមួយៗមិនអាចធ្វើដំណើរទៅទិញអាហារស្រស់ ឬរៀបចំអាហារចម្អិនបានទេ។

អ្វីដែលកាន់តែខ្លោចចិត្ត គឺគ្រួសារនីមួយៗបានលើកឡើងថា ពួកគេមិនមានអាហារដើម្បីទទួលទានឡើយ គ្រួសារខ្លះបានដាក់ត្រាំអង្ករជាមួយទឹកដោះគោហើយឱ្យកូនៗហូប មិនមានបន្លែសាច់ សម្រាប់ចម្អិនទេព្រោះតម្លៃថ្លៃ។ ទន្ទឹមនឹងនេះដែល ស្រ្តីមានផ្ទៃពោះ ឬ អ្នកមានកូនតូចៗបានលើកឡើងថា ពួកគេមិនមានលទ្ធភាពទិញទឹកដោះគោសម្រាប់កូនៗបានទេ ដោយសាររកចំណូលបានតិច ឬ ពេលខ្លះមិនមានចំណូល។

លោក Christian Skoog តំណាងអង្គការ Unicef ​​បាននិយាយថា៖ “គ្រួសារមិនអាចទិញអ្វីដែលពួកគេធ្លាប់ទិញនោះទេ។ ពួកគេកំពុងកាត់បន្ថយអាហារ ពួកគេកំពុងកាត់បន្ថយអាហារដែលមានជីវជាតិ។ លោកបានបន្តថា៖ “យើងកំពុងព្យាយាមបញ្ចៀសវិបត្តិមនុស្សធម៌។ ជាការល្អព្រោះយើងមិនទាន់មានកុមារស្លាប់នៅឡើយទេ ប៉ុន្តែយើងត្រូវទទួលបានការគាំទ្រជាបន្ទាន់ ដើម្បីចៀសវាងពីបញ្ហានេះ”។

ដូច្នេះហើយអង្គការ Unicef ​​បានអំពាវនាវឱ្យមានជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីព្យាបាលកុមាររាប់ពាន់នាក់ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងជួយដល់មនុស្សរាប់លាននាក់ផ្សេងទៀតជាមួយនឹងការថែទាំសុខភាពបឋម៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo