ប្រជាជនវៀតណាម បាននាំគ្នាកាត់បន្ថយការបរិភោគសាច់ជ្រូក ហើយប្ដូរទៅបរិភោគសាច់ផ្សេងៗទៀតដូចជា សាច់មាន់ និងស៊ុតជាដើម នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតម្លៃកើនឡើង។ យោងតាមការស្ទង់មតិរបស់ VnExpress លើកសិដ្ឋានចិញ្ចឹមសត្វនៅចុងខែមិថុនា បានរកឃើញថា តម្លៃជ្រូករស់បានឡើងដល់ ៦០,០០០ដុង (២.៥៧ដុល្លារ) ក្នុងមួយគីឡូក្រាម។
កសិករភាគច្រើនបានឲ្យដឹងថា តម្លៃបានឡើងថ្លៃដោយសារតម្លៃចំណីសត្វឡើងថ្លៃ ខណៈតម្លៃជ្រូកទើបកើតក៏បានកើនឡើង ២០% ដែរ បើធៀបនឹងពីរខែមុន។ ក្រៅពីចំណីឡើងថ្លៃ ការដឹកជញ្ជូន និងការលក់ភាគហ៊ុនរបស់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកមួយចំនួនបន្ទាប់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ក៏បានបង្កើនតម្លៃសាច់ជ្រូកដែរ ដោយសារកត្តានេះនឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់។
អ្នកស្រី Ngoc Thao អ្នករស់នៅទីក្រុងហូជីមិញ បានឱ្យដឹងថា តម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំង សូម្បីតែសាច់ជ្រូកក្រក និងសាច់ភ្លៅដែលមានតម្លៃថោក ក៏ឡើងថ្លៃជាងសាច់មាន់ ២ទៅ ៣ដងដែរ។ ជាមួយគ្នានេះ អ្នកស្រីក៏បានត្អូញត្អែរទាំងដកដង្ហើមធំថា ឥលូវគ្រួសារគាត់បរិភោគសាច់ជ្រូកតែ ១ ឬ ២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ខណៈសាច់ បន្លែ របស់របរប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃគ្រប់សព្វ តែប្រាក់ខែរបស់គាត់មិនឡើងសោះ។
គួរបញ្ជាក់ផងដែរថា យោងតាមអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ប្រជាជនវៀតណាមភាគច្រើនបានហូបសាច់ជ្រូកតិច ដូចគ្រួសាររបស់ Thao ដែរ។ ចាប់ពីឆ្នាំ២០១៦-២០១៨ វៀតណាមមានអត្រាប្រើប្រាស់សាច់ជ្រូកជាមធ្យមខ្ពស់បំផុតនៅលើពិភពលោក គឺ ៣០-៣១ គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលពីរឆ្នាំដំបូងនៃជំងឺរាតត្បាតកូវីដ-១៩ វាបានធ្លាក់ចុះដល់ ២៦គីឡូក្រាម។
ទន្ទឹមនឹងនេះដែរ ទិន្នន័យពី Ipsos ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារចម្រុះជាតិសាសន៍ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានបង្ហាញពីលទ្ធផលស្រដៀងគ្នា ដោយការចងក្រងស្ថិតិស្តីពីការផ្គត់ផ្គង់គោ ក្របី និងកសិដ្ឋានចិញ្ចឹមបសុបក្សីទាំងមូលនៅក្នុងខេត្ត និងទីក្រុងបសុសត្វសំខាន់ៗចំនួន ១០ ដោយភ្ជាប់ជាមួយនឹងបរិមាណនាំចូល និងនាំចេញផ្លូវការ កូតា និងផលិតផលសាច់។ ក្រុមហ៊ុនបានគណនាថា ប្រជាជនវៀតណាមម្នាក់ៗធ្លាប់បរិភោគសាច់ជ្រូកប្រហែល ៣០ គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែដល់ឆ្នាំ ២០២១ នេះបានធ្លាក់ចុះមកនៅត្រឹម ២៣.៥ គីឡូក្រាមវិញ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


