ដំណឹងល្អដើមខែ! ប្រទេសអ៉ីស្រាអែលដែលឈានមុខគេលើវិស័យកសិកម្ម មកពិភាក្សាជាមួយកម្ពុជាលើរឿងសំខាន់ចំនួន ៦ ដើម្បីជួយវិស័យកសិកម្ម កសិករ និងសិស្សនិស្សិតកម្ពុជា
សេដ្ឋកិច្ច July 4, 2022 Khmernote

អ៉ីស្រាអែល ត្រូវបានគេចាត់ទុកថាជាប្រទេសដែលរីកចម្រើនខ្លាំងខាងវិស័យកម្ម និងឈានមុខគេលើពិភពលោកលើវិស័យនេះ ហើយថ្មីៗនេះ អ៉ីស្រាអែលបានបង្ហាញគោលបំណងជួយលើវិស័យកសិកម្ម អ្នកជំនាញ និស្សិត និងកសិករកម្ពុជា តាមរយៈគម្រោងជាច្រើន។ ជាក់ស្ដែងកាលពីចុងខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៉ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

លោកជំទាវ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីកម្មវត្ថុនៃដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកជួបឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សាប្រើពេលជិតមួយម៉ោង ដោយភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗទាក់ទងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការលើវិស័យកសិកម្ម មកពិភាក្សាក្នុងនោះមាន ៖

១- ការបណ្តុះបណ្តាលធនធានមនុស្ស (និស្សិត) និងការផ្តល់នូវបទពិសោធន៍ដល់សាស្រ្តាចារ្យ ក្នុងការបណ្តុះបណ្តាលនិស្សិតនៅសកលវិទ្យាល័យ។ ចំណុចនេះបាននិងកំពុងអនុវត្តយ៉ាងសកម្ម ទន្ទឹមនឹងនេះ ភាគីកម្ពុជាចង់ស្នើសុំបង្កើនកូតា ឬរក្សាឲ្យនៅត្រឹម ២០០នាក់/ឆ្នាំ ព្រោះកន្លងមក ភាគីអ៉ីស្រាអែលមានបំណងចង់កាត់បន្ថយមកនៅត្រឹម ១០០នាក់ ប៉ុន្តែតាមរយៈការប្រឹងប្រែងរបស់លោកជំទាវ តាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលអ៉ីស្រាអែលថានឹងពិនិត្យ ពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។
២- ភាគីអ៉ីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៉ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្ម ទំនើបរបស់អ៉ីស្រាអែល។ ទាក់ទងនឹងបញ្ហានេះ លោកជំទាវមានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ ។
៣- ការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជា។ ករណីនេះ អាចសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលរួមចំណែកធ្វើការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឲ្យកាន់តែទូលំទូលាយដល់កសិករ និងនិស្សិត។
៤- លើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ។
៥- ពង្រឹងការងារកសិធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់និស្សិតដែលបានបញ្ចប់កម្មសិក្សាពីប្រទេសអ៉ីស្រាអែល។
៦- ពង្រឹង និងពង្រីកបច្ចេកវិទ្យាក្រោយពេលប្រមូលផល (Post Harvest Technology)។

ជាកិច្ចឆ្លយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៉ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយៈការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើហាត់ការនៅប្រទេសអ៉ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយៈ ពេល ១៤ឆ្នាំហើយ សរុបនិស្សតិចំនួន ១ ៤៦៩នាក់ ហើយបច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៉ីស្រាអែលដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាម ផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម។

ជាមួយគ្នានេះ តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីថា នឹងដឹកនាំគណប្រតិភូកម្ពុជា រួមទាំងវិស័យឯកជនផងដែរ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែល នាពេលអនាគតដ៏ខ្លី ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ។ ជំនួបនេះត្រូវបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ៕

អត្ថបទ៖ លីនី