តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះជាលើកដំបូង បន្ទាប់ពីកើនឡើងអស់ពេល ១០សប្ដាហ៍
សេដ្ឋកិច្ច July 2, 2022 Khmernote

តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ០.៣% ទៅ ១.៣ភាគរយ កាលពីថ្ងៃសុក្រ ដែលជាការធ្លាក់ចុះលើកដំបូង បន្ទាប់ពីការកែតម្រូវការកើនឡើងជាប់ៗគ្នាចំនួន ៧ដង ចាប់តាំងពីថ្ងៃទី១២ ខែមេសា មក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 ធ្លាក់ចុះចំនួន ១១០ ដុង មកត្រឹម ៣២.៧៦០ដុង (ប្រមាណ ១.៤១ដុល្លារ) ក្នុងមួយលីត្រ ខណៈឥន្ធនៈជីវៈ E5 RON 92 ធ្លាក់ចុះ ៤១០ ដុង មកត្រឹម ៣០.៨៩០ ដុង (ប្រមាណ ១.៣២ដុល្លារ)។

ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈផ្សេងទៀត រួមទាំងប្រេងកាត ប្រេងម៉ាស៊ូត ក៏ត្រូវបានធ្លាក់ចុះពី ១.៥ ទៅ ៥.១% ផងដែរ។ គួរបញ្ជាក់ថា ថ្មីៗនេះក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យកាត់បន្ថយពន្ធលើបរិស្ថាន ពន្ធដារ និងតម្លៃបន្ថែមលើប្រេងសាំង ដើម្បីទប់ទល់នឹងការឡើងថ្លៃខ្ពស់។

ប្រសិនបើត្រូវបានអនុម័ត ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ការកាត់បន្ថយពន្ធលើបរិស្ថានពី ៥០០ ទៅ ១,០០០ ដុង ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅដើមខែសីហា។ ជាមួយគ្នានេះ ការ​បញ្ចុះ​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម និង​ត្រូវ​រង់ចាំ​ភ្លើង​ខៀវ​ពី​រដ្ឋសភា ខណៈសម័យប្រជុំនាពេលខាងមុខរបស់សភាត្រូវបានគ្រោងសម្រាប់ខែតុលា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress