ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើរដ្ឋាភិបាលកាត់បន្ថយពន្ធលើប្រេងសាំង ក្រោយប្រជាជនរិះគន់ការកាត់បន្ថយលើកមុនថាតិចតួចពេក
សេដ្ឋកិច្ច July 1, 2022 Khmernote

ក្រសួងហិរញ្ញវត្ថុវៀតណាមបានអនុម័តលើផែនការរបស់ខ្លួនក្នុងការស្នើសុំរដ្ឋាភិបាលកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែម (value-added tax ឬ VAT) លើប្រេងសាំង ដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីក្រសួង ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមឡើយ។

រម្លឹកផងដែរថា កាលពីដើមខែនេះ ក្រសួងបានពិចារណាកាត់បន្ថយពន្ធបរិស្ថានពាក់កណ្តាលលើប្រេងឥន្ធនៈ ប៉ុន្តែអ្នករិះគន់បាននិយាយថា ការកាត់បន្ថយពី ៥០០ ទៅ ១,០០០ ដុង គឺតិចតួចពេក ហើយបានអំពាវនាវឱ្យកាត់បន្ថយពន្ធផ្សេងទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នពន្ធលើការប្រើប្រាស់ពិសេសគឺនៅកម្រិត ៨-១០% ហើយពន្ធលើតម្លៃបន្ថែមគឺនៅ ១០%។ ជាមួយគ្នានេះដែរ តម្លៃ​សាំង​បាន​ឡើង​ដល់​តម្លៃ​ខ្ពស់​ជាងពេលណាៗទាំងអស់​គឺ ៣២ ៨៧០ ដុង (១.៤១ ដុល្លារ) ក្នុង​មួយ​លីត្រ​កាល​ពី​ថ្ងៃ​អង្គារ។ តម្លៃនេះបានកើនឡើងពី ៦៥ ទៅ ៧០ ភាគរយ ចាប់តាំងពីចុងឆ្នាំ២០២១ ដែលជះឥទ្ធិពលលើអ្នកប្រើប្រាស់ និងអាជីវកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress