ប្រទេសថៃ នឹងដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅឆ្នាំក្រោយ លឿនជាងផែនការដែលបានគ្រោងទុក ខណៈដំបូងនឹងដំឡើងឱ្យបាន ៥ម៉ឺនគ្រឿង
សេដ្ឋកិច្ច July 1, 2022 Khmernote

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ប្រទេសថៃមានបំណងដំឡើងរថយន្តអគ្គិសនី (EVs) ក្នុងស្រុកនៅឆ្នាំក្រោយ ពោលគឺលឿនជាងគោលដៅកាលពីពេលមុន ដែលបានកំណត់យកឆ្នាំ២០២៤។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ប្រាយុធ បាននិយាយថា រដ្ឋាភិបាលកំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ក្រៅពីការដំឡើងរថយន្តោអគ្គិសនី នាយករដ្ឋមន្រ្តីថៃក៏បានលើកឡើងផងដែរថា ផ្នែកសំខាន់ៗដូចជា អាគុយ ,ម៉ូទ័រអូស ,សេវាគ្រប់គ្រងថ្ម ,ឧបករណ៍បញ្ចូលថាមពលអគ្គិសនីចល័ត និងប្រព័ន្ធសាកថ្មឆ្លាតវៃ រួមមទាំងឧបករណ៍មួយចំនួនទៀត ក៏គួរតែផលិតនៅក្នុងប្រទេសនាពេលខាងមុខនេះផងដែរ។

បើតាមលោក ប្រាយុធ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់លោកជាមួយលោក Young Liu នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn Technology Group ក្រុមហ៊ុនបានប្រកាសពីផែនការដើម្បីចាប់ផ្តើមការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Foxconn បានយល់ព្រមសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ PTT Plc ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី ដែលមានតម្លៃពី ១ ទៅ ២ពាន់លានដុល្លារអាមេរិក នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។

រោងចក្រ EV ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បម្រើ​ប្រតិបត្តិការ​ផលិតតាំងពីដើមដល់ចប់​ ដែល​គ្រប​ដណ្តប់​លើ​ការ​រចនា ផលិត និង​ការ​ដំឡើង​រថយន្ត អគ្គិសនី ព្រម​ទាំង​ផលិត​គ្រឿង​ផ្សំ​សំខាន់ៗ។ ជាមួយគ្នានេះគោលដៅផលិតកម្មដំបូងត្រូវបានកំណត់នៅ ៥០,០០០គ្រឿង ក្នុងមួយឆ្នាំ ហើយយោងតាមក្រុមហ៊ុនបានឱ្យដឹងថា បរិមាណនេះនឹងកើនឡើងដល់ ១៥០,០០០គ្រឿង ក្នុងមួយឆ្នាំនៅដំណាក់កាលបន្ទាប់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost