អ្នកវិភាគនៃធនាគារស៊ុយអ៊ែត៖ តម្លៃប្រេងអាចនឹងឡើងជាង ២០០ដុល្លារក្នុងមួយបារ៉ែល បើសិនក្រុមប្រទេសទាំង៧ សម្រេចចិត្តកំណត់លើតម្លៃប្រេងរបស់រុស្ស៊ី
សេដ្ឋកិច្ច June 30, 2022 Khmernote

អ្នកវិភាគនៃធនាគារស៊ុយអ៊ែត (SEB) បាននិយាយថា តម្លៃប្រេងអាចកើនឡើងលើសពី ២០០ដុល្លារក្នុង ១បារ៉ែល ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) សម្រេចចិត្តព្យាយាមកំណត់លើតម្លៃប្រេងឆៅ និងផលិតផលរបស់រុស្ស៊ី។ លោក Bjarne Schieldrop បាននិយាយថា ក្រុមប្រទេសទាំង​៧ បានប្រកាសថ្មីៗនេះថាខ្លួនកំពុងស្វែងរកលទ្ធភាពកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងលើចំណូលរបស់រុស្ស៊ីដែលយកទៅប្រើលើការឈ្លានពាននៅអ៊ុយក្រែន។

អ្នកវិភាគរូបនេះ បាននិយាយថា ផែនការនេះមើលមួយផ្នែកគឺល្អ ប៉ុន្តែមួយផ្នែកទៀតគឺមិនល្អឡើយ វាអាចជាគ្រោះមហន្តរាយនៅពេលនេះ ដោយសារកម្រិតនៃភាពតានតឹងខ្ពស់នៅក្នុងទីផ្សារប្រេង នឹងធ្វើឱ្យតម្លៃបានកើនឡើងច្រើនជាងទ្វេដងដល់ប្រហែល ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅឆ្នាំនេះ។

ជាមួយគ្នានេះ លោកបានពន្យល់ថា ​តម្រូវការ​ខ្លាំង ​និង​ការ​ផ្គត់​ផ្គង់​ទាប​ បានធ្វើឱ្យ​អ្នក​ផលិតប្រេង​ដូច​ជា​ ប្រទេស​រុស្ស៊ី​នូវ​អំណាចដ៏​សម្បើម​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ។ ហើយ​លោក​បាន​និយាយ​ថា រុស្ស៊ី​អាច​ជ្រើសរើស​មិន​លក់​ប្រេង​របស់​ខ្លួន ប្រសិនបើ​តម្លៃ​កំណត់​ចូល​ជា​ធរមាន។ ទន្ទឹមនឹងនេះដែរ ផែនការនេះអាចបណ្តាលឱ្យផលិតកម្មរបស់រុស្ស៊ីធ្លាក់ចុះដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះនឹងបង្កើនសម្ពាធលើទីផ្សារប្រេងដែលមានភាពតានតឹងរួចមកហើយ។

លោក Schieldrop ក៏បាននិយាយនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃពុធថា បណ្តាប្រទេស G7 នៅថ្ងៃនេះកំពុងបន់ស្រន់កុំឱ្យការនាំចេញប្រេងរបស់រុស្ស៊ីធ្លាក់ចុះ ព្រោះ​ប្រសិនដូច្នេះមែន តម្លៃ​ប្រេង​នឹង​កើន​ឡើង​ពី​បច្ចុប្បន្ន ១១៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល ទៅ​ជាង ២០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ គួរបញ្ជាក់ផងដែរថា រុស្ស៊ីផលិតប្រេងបានប្រហែល ១០លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា នេះបើយោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo