រុស្ស៊ី កំពុងខកខានក្នុងការសងបំណុលបរទេសជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩១៨
សេដ្ឋកិច្ច June 29, 2022 Khmernote

ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃច័ន្ទថា ការទូទាត់បំណុលចំនួនពីររបស់ខ្លួន ត្រូវបានរារាំងមិនឱ្យទៅដល់ម្ចាស់បំណុលបរទេស ដោយសារការទណ្ឌ-កម្មពីលោកខាងលិច។ ការរារាំងនេះ បានជម្រុញឱ្យរុស្ស៊ីកាន់តែខិតជិតទៅរកការខកខានសងបំណុលបរទេសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយសតវត្ស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១២៤ នៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកទល់ពេលនេះ មិនបានធ្វើឱ្យវិមានក្រឹមឡាំងផ្លាស់ប្តូរទិសដៅរបស់ខ្លួនឡើយ។ ប៉ុន្តែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបានកាត់ផ្តាច់ប្រទេសយ៉ាងទូលំទូលាយចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យទីក្រុងម៉ូស្គូមានការលំបាកក្នុងការសងបំណុលរបស់ខ្លួន។

អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ពួកគេមានប្រាក់គ្រប់គ្រាន់ក្នុងការសងបំណុលបរទេស ហើយកាលពីខែឧសភា រុស្ស៊ីបានសងបំណុលរបស់ខ្លួនរួចហើយ តែប្រាក់មិនបានទៅដល់ដៃម្ចាស់បំណុលនោះឡើយ គឺត្រូវជាប់គាំងដោយសារទណ្ឌ-កម្ម។ ជាមួយគ្នានេះ អាជ្ញាធររុស្ស៊ីបានហៅបញ្ហានេះថា ជារឿងងាក្រក់មួយ ហើយបានចោទប្រកាន់លោកខាងលិចថា កំពុងធ្វើឱ្យទីក្រុងមូស្គូមានកំហុសទាំងដែលរុស្ស៊ីមិនបានធ្វើ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា មិនមានហេតុណា ដែលត្រូវនិយាយថា រុស្ស៊ីមិនដងបំណុលដូចកាលពីគ្រាមុន ហើយកាលពីទាមទារឱ្យសងបំណុលបរទេសនេះ គឺខុសទាំងស្រុង ព្រោះរុស្ស៊ីបានដោះស្រាយបំណុលនៅក្នុងខែឧសភារួចហើយ ហើយ​ចំពោះការទូទាត់ការប្រាក់ ១០០លានដុល្លារ ដែលបានផុតកំណត់នៅយប់ថ្ងៃអាទិត្យ ហើយភាគច្រើនត្រូវបង់ជារូបិយប័ណ្ណបរទេស ក៏រុស្ស៊ីព្យាយាមធ្វើការទូទាត់ដែរ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់នេះមិនត្រូវបានផ្ទេរទៅឱ្យម្ចាស់បំណុលទេ។

គួរបញ្ជាក់ផងដែរថា ប្រទេស​រុ​ស្ស៊ី​ធ្លាប់​បាន​ខកខាន​សងបំណុល​បរទេស​របស់​ខ្លួន​នៅ​ឆ្នាំ​១៩១៨ ​ក្នុងអំឡុងពេល​បដិវត្ត Bolshevik ជាពេលដែលលោក Vladimir Lenin បានបដិសេធមិនទទួលស្គាល់បំណុលដ៏ធំនៃរបប tsar ដែលត្រូវបានទម្លាក់។ ជាមួយគ្នានេះ រុស្សីក៏បានខកខានសងបំណុលក្នុងស្រុកក្នុងឆ្នាំ១៩៩៨ ដោយសារតែការធ្លាក់ចុះនៃតម្លៃទំនិញ ដោយប្រទេសនេះបានប្រឈមមុខនឹងការគាបសង្កត់ផ្នែកហិរញ្ញវត្ថុ ដែលសារការបង្កើនប្រាក់រូប្ល និងការសងបំណុលក្នុងកំឡុងសង្គ្រាមដំបូងនៅ Chechnya៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost