ប្រទេសស្រីលង្កា បញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាកម្មមិនសំខាន់ ខណៈដែលវិបត្តិនៅក្នុងប្រទេសកាន់តែអាក្រក់ៗទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ តាមប្រភពដដែល ស្រីលង្កា នឹងបិទសាលារៀនរយៈពេល ២សប្ដាហ៍ ហើយផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់សេវាកម្មដែលចាត់ទុកថាចាំបាច់ដូចជា៖ សេវាសុខភាព, រថភ្លើង និងឡានក្រុង ដើម្បីដោះស្រាយការខ្វះខាតប្រេងដ៏ធ្ងន់ធ្ងរ។
អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក Bandula Gunewardena បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសស្រីលង្កានឹងចេញប្រេងឥន្ធនៈសម្រាប់តែរថភ្លើង និងឡានក្រុង សេវាវេជ្ជសាស្រ្ត និងយានជំនិះដែលដឹកជញ្ជូនអាហារចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។ លោកបានបន្តថា សាលារៀននៅតាមទីក្រុងនឹងត្រូវបិទ ហើយគ្រប់គ្នាត្រូវបានជំរុញឱ្យធ្វើការពីផ្ទះ ខណៈសេវារថយន្តក្រុងពីខេត្តនឹងត្រូវបានកំណត់។
អ្នកនាំពាក្យរូបនេះក៏បានលើកឡើងផងដែរថា ប្រទេសស្រីលង្កាមិនដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះទេក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាក់ស្ដែង ប្រទេសស្រីលង្កាកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ជាមួយនឹងទុនបំរុងប្តូរប្រាក់បរទេសក្នុងកម្រិតទាបបំផុត ហើយប្រទេសដែលមានប្រជាជន ២២លាននាក់មួយនេះ កំពុងតស៊ូក្នុងការចំណាយសម្រាប់ការនាំចូលសំខាន់ៗទៅលើអាហារ ឱសថ និងប្រេងដែលសំខាន់បំផុត។
មិនតែប៉ុណ្ណោះ វិបត្តិប្រេងឥន្ធនៈ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហ៍កម្មជាច្រើននៅក្នុងប្រទេសដូចជា ឧស្សាហ៍កម្មសម្លៀកបំពាក់ ដែលជាអ្នករកបានប្រាក់ដុល្លារដ៏ធំនៅក្នុងប្រទេសមហាសមុទ្រឥណ្ឌាមួយនេះ ត្រូវបានបិទចោលដោយសារខ្វះប្រេងឥន្ធនៈក្នុងរយៈពេលប្រហែលមួយសប្តាហ៍ទៅ ១០ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ប្រទេសស្រីលង្កាប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែល ៥,០០០តោន និងប្រេងសាំង ៣,០០០ តោនក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនរបស់ខ្លួន នេះបើតាមប្រធានក្រុមហ៊ុន Lanka IOC លោក Manoj Gupta បានប្រាប់រ៉យទ័រ។ ជាមួយគ្នានេះអ្នកប្រើប្រាស់ធំៗផ្សេងទៀត គឺជាឧស្សាហកម្មដូចជា ក្រុមហ៊ុនកាត់ដេរ និងវាយនភណ្ឌ។ យោងតាមនិយតករថាមពលរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ប្រទេសនេះកំពុងប្រើប្រាស់ស្តុកប្រេងចុងក្រោយរបស់ខ្លួន ដើម្បីដំណើរការរោងចក្រថាមពលកំដៅជាច្រើន និងរក្សាការដាច់ចរន្តអគ្គិសនីដល់កម្រិតអប្បបរមា៕


![]()
អត្ថបទ៖ លីនី
ប្រភព៖ yahoo


