ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រកាស​វិនិយោគ​បន្ថែម​ ១​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍
សេដ្ឋកិច្ច June 25, 2022 Khmernote

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​មានប្រសាសន៍ថា ប្រទេសចិននឹងវិនិយោគទឹកប្រាក់មួយពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលនិធិមួយ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក ស៊ី ជីនពីង បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្ រ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស​ចំនួន​ប្រាំ​ដែល​គេ​ស្គាល់​ថា​ “BRICS” ដោយប្រទេសទាំងនោះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

នៅក្នុងកិច្ចប្រជុំ លោក ស៊ី បាននិយាយថា ទីក្រុងប៉េកាំងនឹងបន្ថែមថវិកា ១ពាន់លានដុល្លារពីលើថវិកាចំនួន ៣ពាន់លានដុល្លារដែលមានស្រាប់ សម្រាប់មូលនិធិដែលបង្កើតឡើងដោយប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។

ប្រធានាធិបតីរូបនេះ បានបន្ថែមថា ប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ មានការតាំងចិត្តកាន់តែច្រើនក្នុងការស្វែងរកកម្លាំងតាមរយៈការរួបរួម ខណៈដែលគម្លាតខាងជើង និងខាងត្បូងនៅតែបន្តពង្រីក។ លោកក៏បាននិយាយផងដែរថា ប្រទេសចិននឹងសហការក្នុងការបង្កើនសមត្ថភាពផលិតកម្មសម្រាប់គ្រាប់ធញ្ញជាតិ និងដំណាំផ្សេងៗទៀត ដោយការសន្យានេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីវិបត្តិស្បៀងអាហារពិភពលោក ដោយសារតែការបិទផ្លូវរបស់រុស្ស៊ីចំពោះការនាំចេញរបស់អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk