ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវឱ្យផ្អាកគិតពន្ធលើប្រេងសាំងរយៈ ៣ខែ ខណៈពេលដែលអតិផរណាកំពុងបន្តកើនឡើង នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា លោក Biden កំពុងអំពាវនាវឱ្យសភាចាត់វិធានការ ដើម្បីផ្តល់ការសង្គ្រោះដល់អ្នកប្រើប្រាស់អាមេរិកដែលរងការវាយប្រហារដោយ “ការដំឡើងតម្លៃរបស់លោកពូទីន”។

សំណើដើម្បីផ្អាកការយកពន្ធលើប្រេងសាំង ១៨សេនក្នុងមួយហ្គាឡុងរហូតដល់ខែកញ្ញានេះ បានកើតឡើងបន្ទាប់ពីតម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ចំនួន ៦ដុល្លារ ក្នុងមួយហ្គាឡុងក្នុងខែនេះ ខ្ពស់ជាង ៦០%កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Biden នេះ គឺក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកមួយចំនួនដែលប្រជាជនអាមេរិកកំពុងត្រូវការនៅក្នុងរដូវក្ដៅនេះ។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា ការព្យួរពន្ធនឹងមានផលប៉ះពាល់តិចតួចលើតម្លៃនៅកន្លែងស្តុក ដែលជំរុញឱ្យមានការរំពឹងទុកថា លោក Biden អាចត្រូវបានបង្ខំឱ្យចាត់វិធានការប្រឆាំងនឹងអតិផរណាបន្ថែមទៀត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk