ក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោក Walmart គ្រោងបញ្ជាទិញផលិតផល ៤មុខនេះពីកម្ពុជា
សេដ្ឋកិច្ច June 22, 2022 Khmernote

Walmart ក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោក បានបង្ហាញបំណងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។

គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញនៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះដែរ លោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។

ចំពោះផលិតផលដែលក្រុមហ៊ុន Walmart គ្រោងនាំចេញពីកម្ពុជារួមមាន៖ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម នៅពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២.៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល៕

អត្ថបទ៖ លីនី