ក្រសួងសេដ្ឋកិច្ច៖ ត្រីមាសទី១ ឆ្នាំនេះ បំណុលសាធារណៈរបស់កម្ពុជាមាន ៩.៨១ប៊ីលានដុល្លារ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាននិងមានហានិភ័យទាប
សេដ្ឋកិច្ច June 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ បំណុលបរទេសរបស់កម្ពុជា មានប្រមាណ ៩.៨១ ប៊ីលានដុល្លារ ក្នុងនោះបំណុលទ្វេភាគី មានប្រមាណ ៦៨% និងបំណុលពហុភាគីមានប្រមាណ ៣២% ។ រាជរដ្ឋាភិបាលវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យកម្រិតទាបដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាពីកត្តាខាងក្រៅ ដែលកំពុងកើតមានក្តី នេះយើងយោងតាមព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមបំណុលជាង ៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែល, បារាំង ចំនួន៤៧០.៥៩លានដុល្លារ ស្មើនឹង៥%, ជប៉ុន ១០% និងកម្ចីពីដៃគូអភិវឌ្ឍនានា ក្នុងក្របខណ្ឌពហុភាគីមានចំនួន ៣២% ក្នុងទំហំទឹកប្រាក់ ៣១២០.៣៧លានដុល្លារ និងក្រៅពីនោះ គឺកម្ចីពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ថៃ និងវៀតណាម ព្រមទាំងបំណុលមរតក។

ក្រសួងសេដ្ឋកិច្ចបានអះអាងថា «លទ្ធផលបឋមនៃការវិភាគចីរភាពបំណុល រហូតដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាល នៃវិបត្តិជំងឺកូវីដ១៩ និងកត្តាពីខាងក្រៅក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះទាំងអស់សុទ្ធ តែស្ថិតក្រោមអនុបាតគោល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ន បំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត ២៤.៩% ធៀបនឹងអនុបាទគោល ៤០%»។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូរអភិវឌ្ឍន៍នានាសរុបចំនួន ៣១៧.២៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៤% នៃពិដានដែលច្បាប់អនុញ្ញាត។ នៅក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤៨% ដែលគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ គឺមានលក្ខណៈល្អប្រសើរជាង ដោយហេតុថា កាលពីត្រីមាសទី១ ឆ្នាំ២០២១ ពុំមានការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាល់តែសោះ។ ជារួមឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយ ជាមធ្យមប្រមាណ៥០% ៕

ប្រភព៖ ក្រសួងព័ត៌មាន