រដ្ឋាភិបាលឥណ្ឌា ប្រាប់ឱ្យក្រុមហ៊ុនប្រេងរបស់រដ្ឋ ទិញយកប្រេងឆៅតម្លៃថោកពីរុស្ស៊ីឱ្យបានច្រើន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
សេដ្ឋកិច្ច June 22, 2022 Khmernote

រដ្ឋាភិបាលឥណ្ឌា បានស្នើសុំក្រុមហ៊ុនប្រេងរបស់រដ្ឋ ឱ្យទាញយកបរិមាណប្រេងឆៅតម្លៃថោកពីប្រទេសរុស្ស៊ីឱ្យបានច្រើន នេះបើយោងទៅតាមប្រតិបត្តិករឧស្សាហកម្មប្រេង។ រដ្ឋា​ភិបាលបាន ស្នើឱ្យធ្វើបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាលោកខាងលិច រឹតបន្តឹងទណ្ឌកម្មលើទីក្រុងម៉ូស្គូក៏ដោយ។

គួរម្លឹកថា បណ្តាប្រទេសលោកខាងលិចបានព្យាយាមរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រើប្រាស់ការនាំចេញប្រេង និងឧស្ម័នដ៏ធំរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមនៅអ៊ុយក្រែន។ ការលេចចេញជារូបរាងរបស់ឥណ្ឌា ជាអ្នកទិញប្រេងធំរបស់រុស្ស៊ីមានសក្តានុពលក្នុងការដកខ្លួនចេញពីការដាក់ទណ្ឌកម្ម ខណៈប្រទេសផ្សេងទៀត រួមទាំងចិន និងទួរគី ក៏បានបង្កើនការទិញប្រេងពីរុស្ស៊ីផងដែរ បើទោះបីជាការនាំចេញរបស់ប្រទេសនេះនៅតែទាបជាងកម្រិតមុនសង្គ្រាមក៏ដោយ។

នាយកប្រតិបត្តិក្រុមហ៊ុនប្រេងមួយរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយមន្ត្រីរដ្ឋាភិបាល ដើម្បីស្វែងរកវិធីដើម្បីបន្តការទិញ និងទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃលើប្រេងរុស្ស៊ី។ ក្រុមហ៊ុន Indian Oil Corp 530965 ដែលជាកម្មសិទ្ធិរបស់រដ្ឋ កំពុងចរចារកិច្ចសន្យាផ្គត់ផ្គង់បន្ថែមទៀតជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft Oil Co RU:ROSN នេះបើយោងតាមនាយកប្រតិបត្តិម្នាក់។

គួរបញ្ជាក់ផងដែរថា ឥណ្ឌាបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីច្រើនជាង ២៥ដងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយបានទិញជាមធ្យម ១លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែមិថុនា បើធៀបនឹង ៣០,០០០ ក្នុងខែកុម្ភៈ នេះបើយោងតាមទិន្នន័យរបស់ Kpler ។ នោះស្មើនឹងជាងមួយភាគបួននៃការនាំចូលរបស់អឺរ៉ុបនៃប្រេងឆៅរបស់រុស្ស៊ី នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ marketwatch