តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀងសកលនៅតែបន្តអូសបន្លាយ
សេដ្ឋកិច្ច June 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀង សកលនៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យបរិមាណផ្គត់ផ្គង់អង្ករពីប្រទេសអ្នកផលិត ក៏មានការកើនឡើង និងតម្រូវការខ្ពស់ជាងមុន។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានឱ្យ ដឹងនៅថ្ងៃទី២១ ខែមិថុនាថា តម្លៃនាំចេញស្រូវអង្ករកម្ពុជាអាចនឹងត្រូវបានរំពឹងថាមានការ កើនឡើងបន្ថែម ដោយសារការរងផលប៉ះពាល់នៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលបាន ធ្វើឱ្យតម្លៃប្រេងឥន្ទនៈមានការប្រែប្រួល ហើយបញ្ហាអសន្តិសុខស្បៀងសកលក៏នៅតែ បន្តអូសបន្លាយ ចំណែកប្រទេសផលិតស្រូវសាលីមួយចំនួនក៏បានផ្អាកការនាំចេញរបស់ ខ្លួនផងដែរ ដែលនាំឱ្យតម្រូវការអង្ករដែលត្រូវបាននាំចេញពីប្រទេសអ្នកផលិតអង្ករផ្សេងទៀត ដូចជា កម្ពុជា ថៃ និងវៀតណាមជាដើម។

លោកឧកញ៉ាបន្តថា បើទោះបីជាបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កង្វះស្បៀងសកល និងការប្រែប្រួលនូវតម្លៃប្រេងឥន្ទនៈសកល បានជះឥទ្ធិពលជារួមទៅដល់សេដ្ឋកិច្ច ពិភពលោក តែយ៉ាងណាកម្ពុជា ដែលជាប្រទេសផលិតអង្ករនាំចេញ ទទួលបាននូវការ បញ្ជាទិញកើនឡើងពីប្រទេសជាដៃគូ ហើយតម្លៃក៏មានការកើនឡើងផងដែរ ដែលបាន ផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករ និងអ្នកប្រកបរបរក្នុងឧស្សាហកម្មនេះ។

បើយើងក្រឡេកទៅមើលពីការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃមួយ ពី ស្ថានភាពនាំចេញ និងតម្រូវការអង្ករក្នុងប្រទេសថៃវិញ ត្រូវបានសហព័ន្ធឧស្សាហកម្មថៃ បានអះអាងថា កង្វះខាតស្បៀងជាសកល ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអំ ឡុង ត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំ២០២២នេះ ដោយភាពខ្វះខាតនេះ ទំនងជាផ្តល់ អត្ថប្រយោជន៍ ច្រើនដល់ក្រុមហ៊ុននាំចេញអាហាររបស់ថៃ ខណៈប្រទេសមួយចំនួនដូចជា ឥណ្ឌា ស៊ែប៊ី កាហ្សាក់ស្ថាន កូសូវ៉ូ និងអេហ្ស៊ីប បានរឹតបន្តឹងការនាំចេញរបស់ពួកគេ រួមមានទាំងស្រូវ សាលីផងដែរ។

យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ អ្នកជំនាញមកពី កម្មវិធីស្បៀងអាហារ ពិភពលោក របស់អង្គការសហប្រជាជាតិ បានអះអាងថា វិបត្តិស្បៀងអាហារ ធ្វើឱ្យមនុស្សជិត ៥០លាននាក់បន្ថែមទៀតនៅជុំវិញពិភពលោកកាន់តែប្រឈមនឹងគ្រោះទុរ្ភិក្ស ដោយមិនមាន ដំណោះស្រាយរហ័សអាចជួយបានទេ ខណៈដែលបច្ចុប្បន្ននេះ ចំនួនមនុស្ស ដែលមានបញ្ហា អសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងទ្វេដងដល់ ១៣៥ លាននាក់ ចាប់តាំងពី ជំងឺកូវីដ១៩ បានចាប់ផ្តើម ហើយមនុស្សជាង ៨០០លាននាក់ទៀត ប្រឈមនឹងការអត់ឃ្លាន។

គួរបញ្ជាក់ថា បើមើលទៅលើការនាំចេញអង្កររបស់កម្ពុជាវិញ ប្រទេសចិន នៅតែឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដោយ ៥ខែមកនេះ ចិន កាន់កាប់ចំណែក ៥២ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ចំណែកសហភាពអឺរ៉ុប ជាអ្នកទិញអង្ករកម្ពុជាលំដាប់ទី២ ហើយអាស៊ាន ក៏ជាទីផ្សារនាំចេញបន្ទាប់របស់កម្ពុជា ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន