ផ្លូវជាតិលេខ ៧១C ចាប់ពីស្រុកត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាមតម្លៃជាង ១០០លានដុល្លារ សម្រេចការងារសាងសង់បាន៣៧%ហើយ
សេដ្ឋកិច្ច June 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ សម្រេចការ សាងសង់បាន៣៧%ហើយៗគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូស បញ្ជាក់ពីលក្ខណៈ បច្ចេកទេស នៃការសាងសង់ផ្លូវនេះដែលក្នុងនោះរួមមាន ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ ការលើកកម្ពស់តួផ្លូវឱ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ ការសាងសង់ស្ពានបើកមុខទឹក ប្រវែង៤០០ ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹក ដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឱ្យគុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលធ្វើឱ្យផ្លូវឆាប់ខូច មុនអាយុកាល ដែលបានកំណត់ ។

គួរកត់សម្គាល់ថា ផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេស ជិតខាង។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិ លេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ផ្លូវជាតិលេខ៧១C នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លាន ដុល្លារអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន