កសិករថៃត្រូវប៉ាន់ ខណៈការនាំចេញដំឡូងមីកើនឡើង ដោយសារបញ្ហារុស្ស៊ី និងអ៊ុយក្រែន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ
សេដ្ឋកិច្ច June 21, 2022 Khmernote

យោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ថៃមួយរូបបានឱ្យដឹងកាលពីថ្ងៃច័ន្ទថា ការនាំចេញផលិតផលដំឡូងមីរបស់ប្រទេសថៃនៅចន្លោះខែមករា និងមេសា បានកើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលអ្នកនាំចេញស្វែងរកជម្រើសគ្រាប់ធញ្ញជាតិ ចំពេលមានវិបត្តិស្បៀងអាហារ ដែលកើតឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ប្រទេសថៃ ដែលជាប្រទេសនាំចេញដំឡូងមីដ៏ធំរបស់ពិភពលោក បាននាំចេញដំឡូងមីចំនួន ៤.៦លានតោន និងផលិតផលផលិតពីដំឡូងមីរួមមាន៖ ដំឡូងមីផលិតជាគ្រាប់ និងម្សៅដំឡូងមី ដែលមាតម្លៃ ៥៤.៨ ពាន់លានបាត (ប្រមាណ ១.៥៤ពាន់លានដុល្លារ) ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៨.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ជិត ៧០% នៃការនាំចេញគឺទៅកាន់ចិន ខណៈគោលដៅផ្សេងទៀត​រួមមាន៖ ប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង។

មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ Phithak Udomwichaiwat បាននិយាយថា “មានតម្រូវការកើនឡើងពីអ្នកទិញបរទេសក្នុងអំឡុងពេលវិបត្តិអ៊ុយក្រែន-រុស្ស៊ី ហើយពិភពលោកកំពុងបង្កើនទុនបម្រុងគ្រាប់ធញ្ញជាតិសម្រាប់ការប្រើប្រាស់” ។ លោកបានបន្ថែមថា សូម្បីតែឧស្សាហកម្មចំណីសត្វ និងថាមពល ក៏បានងាកទៅរកការនាំចូលផលិតផលដំឡូងមីជំនួស ដែលជំរុញឱ្យមានតម្រូវការ និងតម្លៃកើនឡើង។

គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន​បាន​ផលិត​ដំឡូង​មី​ចំនួន ៣២.៥ លាន​តោន ដែល​ផលិត​ជា​ផលិតផល​ផ្សេងៗ​ក្នុង​នោះ ៣០% ទៅ ៣៥% គឺ​ប្រើប្រាស់​ក្នុងស្រុក​។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសនេះបាននាំចេញផលិតផលដំឡូងមីមានតម្លៃ ១២៣ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost