ការកើនឡើងនៃតម្លៃអាហារ និងថាមពលកំពុងវាយលុកអ្នកប្រើប្រាស់ទូទាំងពិភពលោក ប៉ុន្តែបានបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្នុងវិស័យនេះប្រហែល ៤៥៣ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ឬ ប្រហែល ១ពាន់លានដុល្លារត្រឹមពេល ២ថ្ងៃ នេះបើយោងតាម Oxfam អង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

Oxfam បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅនេះថា ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកើតឡើងនៅពេលដែលក្រុមហ៊ុនអាហារ និងថាមពលប្រកាសពីប្រាក់ចំណេញខ្ពស់ ចំពេលមានជំងឺរាតត្បាត បើទោះបីជាប្រាក់ឈ្នួលត្រូវបានកាត់បន្ថយ ហើយកម្មករតស៊ូជាមួយតម្លៃទំនិញខ្ពស់រាប់ទសវត្សរ៍ក៏ដោយ។
យោងតាមការគណនារបស់ Oxfam បានឱ្យដឹងថា ក្រុមហ៊ុនថាមពលធំជាងគេចំនួនប្រាំរួមមាន៖ (BP, Shell, TotalEnergies, Exxon និង Chevron) រកប្រាក់ចំណេញបាន ២,៦០០ ដុល្លាររៀងរាល់ ១វិនាទី ហើយឥឡូវនេះមានមហាសេដ្ឋីលើវិស័យអាហារថ្មីចំនួន ៦២ នាក់។ ជាមួយគ្នានេះដែរ Oxfam ផ្អែកលើការគណនារបស់ខ្លួនលើមហាសេដ្ឋីចំនួន ៣១០នាក់នៅក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ក្នុងវិស័យម្ហូបអាហារ កសិពាណិជ្ជកម្ម ប្រេង ឧស្ម័ន និងធ្យូងថ្ម ក្នុងនោះទ្រព្យសម្បត្តិរួមរបស់ពួកគេឥឡូវនេះគឺ ១.៥ ទ្រីលានដុល្លារ ដែលកើនឡើងពីជាង ១ទ្រីលានដុល្លារចាប់តាំងពីខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា តម្លៃថាមពល និងអាហារមានការកើនឡើងចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ប៉ុន្តែមហាសេដ្ឋីខាងវិស័យទាំងនោះទទួលបានប្រាក់ចំណេញបន្ថែមទៀត បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន ខណៈប្រទេសទាំងពីរ គឺជាអ្នកផលិតថាមពល និងអាហារដ៏សំខាន់នៅលើពិភពលោក៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo