ទោះត្រូវគេបិទគ្រប់កន្លែង តែប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានកើនឡើងដល់ ២០ពាន់លានដុល្លារ ដល់កម្រិតដូចពេលមិនទាន់មានសង្រ្គាម
សេដ្ឋកិច្ច June 18, 2022 Khmernote

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីពុធថា ប្រាក់ចំណូលពីការនាំចេញប្រេងរុស្ស៊ីបានកើនឡើងពី ១១% ដល់ចំនួន ២០ពាន់លានដុល្លារក្នុងខែឧសភា ដោយសារតម្លៃថាមពលបានកើនឡើង ដែលនាំឱ្យប្រាក់ចំណូលរបស់ប្រទេសនេះត្រឡប់ទៅកម្រិតមុនពេលមានសង្រ្គាមវិញ។

របាយការណ៍ទីផ្សារប្រចាំខែចុងក្រោយរបស់ IEA បាននិយាយថា ការនាំចេញប្រេងសរុបរបស់រុស្ស៊ីបានធ្លាក់ចុះនៅក្នុងខែឧសភា ប៉ុន្តែប្រាក់ចំណូលនៅតែកើនឡើងដោយសារតែការកើនឡើងនៃតម្លៃ។ ជាក់ស្ដែង ប្រាក់ចំណូលរបស់រុស្សីបានកើនឡើងពី ១៨ពាន់លានដុល្លារក្នុងខែមេសា ដែលចំណូលត្រលប់ទៅកម្រិតដូចក្នុងខែមករា ២០ពាន់លានដុល្លារវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលនៅតែទាបជាងតួលេខ ២២ពាន់លានដុល្លារក្នុងខែមីនា។

គួរបញ្ជាក់ផងដែរថា ជាមធ្យមរុស្ស៊ីរកចំណូលបាន ២០ពាន់លានដុល្លារក្នុងមួយខែ ពីការលក់ប្រេងរបស់ខ្លួនក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយសារតែការជំរុញឆ្ពោះទៅរកប្រទេសឥណ្ឌា បានជួយទប់ទល់នឹងការវាយប្រហារនៃការហាមឃាត់ការនាំចូលប្រេងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមទាំង “ការដាក់ទណ្ឌកម្មលើខ្លួនឯង” ពីអ្នកទិញអឺរ៉ុប។ តួលេខនេះ គឺកើនឡើងយ៉ាងខ្លាំងពីជាមធ្យម ១៥ ពាន់លានដុល្លារក្នុងមួយខែក្នុងឆ្នាំ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo