អាមេរិក និងវៀតណាមពួតដៃគ្នា​ ដើម្បីជំរុញភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ក្រោមកិច្ចព្រមព្រៀងតម្លៃ ៤២ លានដុល្លារ
សេដ្ឋកិច្ច April 18, 2020 Chan Sreyny

សហរដ្ឋអាមេរិក និងវៀតណាម កាលពីពេលថ្មីៗនេះបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៤២ លានដុល្លារលើការជំរុញភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដោយកិច្ចព្រមព្រៀង ៤២ លានដុល្លារនេះនឹងផ្ដោតលើការធ្វើឲ្យវិស័យឯកជន អាជីវកម្ម startup ក្នងប្រព័ន្ធអេកូឡូស៊ី​ និង​មូលធនមនុស្សកាន់តែមានការប្រកួតប្រជែងថែមទៀត។

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធទី១៥ ខែមេសា ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាមួយក្រសួងផែនការ និងវិនិយោគវៀតណាមកិច្ចព្រមព្រៀងនេះនឹងជំរុញភាពជាសហគ្រិនកាន់តែច្រើនធ្វើឱ្យមានការផ្សារភ្ជាប់កាន់តែជ្រៅនៃការចាប់ផ្ដើមអាជីវកម្មរបស់វៀតណាមទៅសាជីវកម្មដើមទុនវិនិយោគ និងអង្គការគាំទ្រផ្សេងទៀតនៅក្នុងអន្តរជាតិ។ ការច្នៃប្រឌិត និងអាជីវកម្ម startup ក្នុងប្រព័ន្ធអេកូឡូស៊ី និងជ្រើសរើសធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់សេដ្ឋកិច្ចដោយផ្អែកលើចំណេះដឹងរឹងមាំ។

ជាមួយគ្នានេះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសកម្មភាពជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារ USAID នឹងជួយពង្រឹងសមត្ថភាពអាជីវកម្មវៀតណាមដែលកំពុងរីកចម្រើន រួមទាំងសហគ្រាសដែលងាយរងគ្រោះដោយជួយសម្រួលដល់លទ្ធភាពទទួលបានបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែង ជំនាញគ្រប់គ្រងអាជីវកម្ម និងដើមទុន។

គួរបញ្ជាក់ផងដែរថាកាលពីខែកញ្ញាឆ្នាំមុនទីភ្នាក់ងារ USAID បានណែនាំគម្រោងមួយដែលមានទឹកប្រាក់ ២២.១ លានដុល្លារ ដើម្បីភ្ជាប់សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាមជាមួយដៃគូបរទេស និងបង្កើនសមត្ថភាពសហគ្រាសទាំងនោះក្នុងការចូលរួមខ្សែសង្វាក់តម្លៃពិភពលោក។ យោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមសហគ្រាសខ្នាតតូចនិងមធ្យមមានចំនួន ៩៨% នៃសហគ្រាសទាំងអស់នៅក្នុងប្រទេស។

ប្រភព៖ vnexpress
អត្ថបទ៖ លីនី