រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួនជាង ៣សែនតោនកើនឡើង ៩ភាគរយ
សេដ្ឋកិច្ច January 27, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួន ៣១២ ៨១២ តោន កើនឡើងចំនួន ២៦ ៩៥៥តោនស្មើនឹង៩ភាគរយ ធៀបរយៈពេល១១ខែ ឆ្នាំ ២០២០ ហើយបរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៥ ៨៣៨ ម៉ែត្រគូប។

យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ ២០២១ សម្រេចបានចំនួន ៣១៩ ៥០៩តោន កើនឡើងចំនួន ២៨ ១៩១តោនស្មើនឹង ១០ភាគរយ ធៀបរយៈពេល ១១ខែ ឆ្នាំ២០២០ ផលិតផលឈើកៅស៊ូរយៈពេល១១ ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ៦ ០៤៨ម៉ែត្រគូប ។

របាយការណ៍បានបន្តថា តម្លៃជ័រកៅស៊ូលក់មធ្យមក្នុងខែវិច្ឆិកា គឺតម្លៃ១ ៦៦៩ ដុល្លា រក្នុង១តោន បានកើនឡើងចំនួន២៣ដុល្លារក្នុង១តោន ស្មើនឹង១,៤ភាគរយធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៥២ដុល្លារក្នុង១តោន ស្មើនឹង១០ភាគរយ ធៀបខែវិច្ឆិកា ឆ្នាំ២០២០ តម្លៃលក់ជ័រកៅស៊ូមធ្យមរយៈពេល១១ ខែ ឆ្នាំ២០២១ គឺ១ ៦៦៤ ដុល្លារក្នុង១តោន បានកើន ឡើងចំនួន ៣២៣ដុល្លារក្នុង១តោនស្មើនឹងជាង២៤ ភាគរយ ធៀបរយៈពេល១១ ខែ ឆ្នាំ២០២០ ។

ម្យ៉ាងវិញទៀត តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែវិច្ឆិកា គឺជាង២៦២ដុល្លារក្នុង១ម៉ែត្រ គូប ហើយតម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារនៅនឹងចម្ការក្នុងខែវិច្ឆិកា គឺទឹកជ័រ (DRC ១០០%) មានការប្រែប្រួលពី៥ ៨០០៛ក្នុង១គីឡូក្រាម ដល់ ៦ ២០០៛ក្នុង១គីឡូ ក្រាម និងជ័រកក (DRC50%) មានការប្រែប្រួលពី ២ ៣០០៛ ក្នុង១គីឡូក្រាម ដល់ ៣ ៣០០៛ក្នុង១គីឡូក្រាម ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជាមាន ផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៨ ៥៤៦ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋ កិច្ចចំនួន ១៩៤ ៤៥៤ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៦១ ១៦០ហិកតា ។ ផ្ទៃដីចៀរជ័រចំនួន ៣១៤ ៣១៩ ហិកតា ស្មើនឹង៧៨ ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៩ ៨៤១ហិកតា ស្មើនឹង ២២ភាគរយ ៕

ប្រភព៖ ក្រសួងព័ត៌មាន