អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម៖ ប្រទេសកម្ពុជា កំពុងខ្វះអ្នកជំនាញបណ្ដុះពូជ និងផលិតពូជ ផ្នែកកសិកម្ម
សេដ្ឋកិច្ច February 22, 2021 Khmernote

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានជំរុញឱ្យវិស័យឯកជន ងាកមកចាប់អារម្មណ៍ លើការវិនិយោគផ្នែកកសិកម្ម លើជំនាញបណ្ដុះពូជនិងផលិតពូជ ដើម្បីជំរុញឱ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងខ្វះអ្នកជំនាញផ្នែកកសិកម្ម ដែលផ្ដោតលើអ្នកជំនាញបណ្ដុះពូជ និង ផលិត គ្រាប់ពូជដំណាំផ្សេងៗ ដើម្បីចែកចាយបន្ដឱ្យប្រជាកសិករក្នុងការធ្វើកសិកម្ម ខណៈដែលសព្វថ្ងៃបើប្រជាកសិករត្រូវការ គ្រាប់ពូជដែលមានគុណភាពត្រូវទិញផលិតផលទាំងនោះពីក្រៅប្រទេស ។

ឯកឧត្តម បន្តថា ជំនាញនេះនឹងផ្តល់ឱកាសដល់វិស័យឯកជនសម្រាប់វិនិយោគ ដោយសារបច្ចុប្បន្ន ប្រជាកសិករកំពុង ប្រឈមនឹងការជ្រើសរើសគ្រាប់ពូជមិនត្រឹមត្រូវ ដែលបង្កបង្កើនផលមិនទទួលបានផលសមប្រកប ។ ឯកឧត្តម បានបន្ថែមទៀតថា ជំនាញបណ្ដុះពូជ និងផលិតគ្រាប់ពូជដំណាំផ្សេងៗ ពិតជាមិនអាចខ្វះបានឡើយ ព្រោះវានឹងជួយដល់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកលូតលាស់ ហើយបើមានការចូលរួមពីផ្នែកឯកជនច្រើន វិស័យកសិកម្មនឹង កាន់តែមានការរីកលូតលាស់និងស្ថិរភាព។

ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើដល់ប្រជាកសិករប្រកបរបរកសិកម្ម សូមផ្លាស់ប្ដូរផ្នត់គំនិតពីការធ្វើអាជីវកម្មដាំដុះ ដើម្បីតែបំពេញតម្រូវការខ្លួនឯង ទៅជាការធ្វើកសិកម្មបែបអាជីវកម្ម ដែលអាចទិញ-លក់ទទួលបានផលចំណេញ ព្រោះការធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យមានជីវភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមកាត់បន្ថយភាពក្រីក្រថែមទៀតផង ៕

ប្រភព៖ ក្រសួងព័ត៌មាន