កុមារក្រីក្រជាង ១ពាន់នាក់ទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន ៥ពាន់រៀលក្នុង ១ថ្ងៃ
សេដ្ឋកិច្ច November 30, 2020 Chan Sreyny

កុមារក្រីក្រជាង ១ពាន់នាក់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលចំនួន ៥ពាន់រៀល ក្នុង ១ ថ្ងៃដើម្បី ជួយសម្រាលជីវភាពប្រចាំថ្ងៃពិសេសឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។ លោក កែវ សុខមែ អនុប្រធាននាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់គាំពារកុមារក្រីក្រ ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ចនៅតាមសហគមន៍។

លោកបញ្ជាក់ថា កិច្ចគាំពារនេះគឺដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់កុមារ ដើម្បីឱ្យកុមារក្លាយ ជាធនធានមនុស្សដ៏ល្អមានសុខភាពល្អសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ ក្រសួង នៅតែមានការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងនៃប្រព័ន្ធកិច្ចការពារកុមារជាប្រចាំផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងអស់នោះកាន់តែប្រសើរឡើងបន្ថែមពីលើអ្វីដែលយើងបានធ្វើហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានមណ្ឌលថែទាំកុមាររបស់រដ្ឋចំនួន ២១ មណ្ឌលនៅទូទាំងប្រទេស មានកុមារចំនួន ៧៨៩នាក់ ក្នុងនោះមានកុមារីចំនួន ៣២៤នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន