ក្រៅពីចិន និងជប៉ុន អូស្រ្តាលីប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុ ៧០ លានដុល្លារបន្ថែមទៀតសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់នៅកម្ពុជា
សេដ្ឋកិច្ច November 20, 2020 Khmernote

រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញបានមានប្រសាសន៍ថា៖ « ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅកម្ពុជា អូស្រ្តាលីបានប្តេជ្ញាថានឹងចំណាយទឹកប្រាក់ចំនួន ៧០ លានដុល្លារបន្ថែមទៀតដើម្បីជួយរៀបចំផែនការរចនា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ »។

ការប្ដេជ្ញារបស់អូស្រ្តាលីនេះ នឹងជួយប្រទេសកម្ពុជាអភិវឌ្ឍគម្រោងដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាកម្មសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈផ្លូវល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចចូលដំណើរការបាន៕

អត្ថបទ៖ ក្រសួងព័ត៌មាន