កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប
សេដ្ឋកិច្ច November 19, 2020 Khmernote

ប្រទេសកម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ បន្ទាប់ពីប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brextit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សមាគមកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ស្ដីពី សារណែនាំសម្រាប់សមាជិកសមាគម ស្ដីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស ដែលបានចេញផ្សាយមុននេះបន្តិច។

សេចក្ដីប្រកាសបានបញ្ជាក់យ៉ាងលម្អិតថា យោងទៅលើផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brextit): វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brextit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។

ប្រព័ន្ធ GSP​ របស់អង់គ្លេសនេះដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ ហើយប្រព័ន្ធ GSP របស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន ៣៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។ ក្នុងនោះកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។

ប៉ុន្តែទោះយ៉ាងណាក្ដី សមាគមកំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្ដូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជា ការបញ្ជាក់ប្រភពដើមកំណើតទនិញ កាលបរិច្ឆេទ ចូលជាធរមាននៃការអនុវត្ត (ថាតើកាលបរិច្ឆេទនៃការដឹកជញ្ជូន ឬ កាលបរិច្ឆេទនៃការទៅដល់)៕

អត្ថបទ៖ លីនី