ក្រុមហ៊ុនចិនមួយ ចង់ធ្វើការវិនិយោគ និងធ្វើជាដៃគូរអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា
សេដ្ឋកិច្ច October 28, 2020 Khmernote

ក្រុមហ៊ុនអន្តរជាតិ AVIC International Holding Corporation របស់ចិន កំពុងស្វែងរកលទ្ធភាពវិនិយោគ និងភាពជាដៃគូក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ ចេតនានេះត្រូវបានគូសបញ្ជាក់ដោយលោក Ted Chen អ្នកចាត់ការទូទៅនៃក្រុមហ៊ុន AVIC International Holding Corporation នៅក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (SSCA) កាលពីម្សិលមិញនេះ។

លោក Ted Chen បានជម្រាបជូន ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ថា ក្រុមហ៊ុនចង់សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) ពិនិត្យលទ្ធភាព និងសក្តានុពលដែលអាចឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ឬធ្វើជាដៃគូរអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិល និងដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអាកាសចរណ៍តាមដែលក្រុមហ៊ុនអាចជួយបាន។

ជាការឆ្លើយតប ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលក្រុមហ៊ុនអាចធ្វើបាន និងស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។ តំណាងក្រុមហ៊ុនក៏បានទទួលយកសំណើ របស់ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី ទៅសិក្សា និងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ដែលក្រុមហ៊ុនមានលទ្ធភាពអាចទទួលយកបាន៕

អត្ថបទ៖ លីនី