ឥណ្ឌូនេស៊ី និងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីពន្លឿនការងើបឡើងវិញ
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

ប្រទេសឥណ្ឌូនេស៊ី និងសឹង្ហបូរីបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការវិនិយោគបច្ចេកវិទ្យាឌីជីថល ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ ដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ។

ប្រទេសទាំងពីរ បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពីមុនដូចជា៖ ការផ្តល់សច្ចាប័នលើការវិនិយោគទ្វេភាគី ច្រករបៀងធ្វើដំណើរ បទប្បញ្ញត្តិសម្រាប់ការលុបបំបាត់ពន្ធទ្វេដង និងគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ីតាមរយៈច្បាប់បង្កើតការងារ។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងការប្រកួតប្រជែងរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់។ ប្រទេសទាំងពីរ ក៏បានមើលឃើញពីសក្តានុពលក្នុងការបង្កើនការវិនិយោគ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាត បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការចាប់ផ្តើមបង្កើតបច្ចេកវិទ្យាឌីជីថល។

លោក Hartarto បានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីអាចរៀនសូត្រពីប្រទេសដទៃទៀតដែលមានការរីកចម្រើនជឿនលឿនក្នុងវិស័យនេះ ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល និងការបណ្តុះបណ្តាលក្នុងការអនុវត្តបច្ចេកវិទ្យាគឺមានសារៈសំខាន់។ សិង្ហបុរីជាដៃគូពាណិជ្ជកម្មធំទី៣ របស់ឥណ្ឌូនេស៊ី ខណៈឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦ របស់សិង្ហបុរី។

គួរឱ្យដឹងផងដែរថា ដោយសារតែការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិដោយសារការរីករាលដាលនៃជំងឺ Covid-19 ការវិនិយោគរបស់សិង្ហបុរីនៅឥណ្ឌូនេស៊ីក្នុងត្រីមាសទី២ ឆ្នាំ ២០២០ បានកើនឡើង ៣៦.១៩% បើធៀបឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus