ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម អាចឈរនៅលំដាប់លើសិង្ហបុរីនៅឆ្នាំនេះ
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមមានចំនួន ៣៤០.៦ ពាន់លានដុល្លារនៅឆ្នាំនេះ អាចកើនលើសសិង្ហបុរីដែលជាប្រទេសកូនកោះមានសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅអាស៊ីជិត ១% ជាលើកដំបូង។ (IMF) បានព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបឃើញថា វៀតណាមកើនឡើង ១.៦% នៅឆ្នាំនេះ ខណៈពេលដែលប្រទេសសិង្ហបុរីធ្លាក់ចុះ ៦%។

តួលេខទាំងនេះបានដាក់ប្រទេសវៀតណាមជាប្រទេសមានសេដ្ឋកិច្ចធំទីបួន នៅក្នុងអាស៊ាននៅឆ្នាំនេះបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានកំណត់ថា នឹងកើនឡើង ៦-៧ % ជារៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងប្រទេសសិង្ហបុរី ២-៥ %។ នេះមានន័យថានៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមអាចឈានដល់ ៥៣០ ពាន់លានដុល្លារលើសពីប្រទេសសិង្ហបុរី ២២.៧%។

លើសពីនេះទៅទៀតវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលទំនងជានឹងប្រកាសកំណើនផលិតផលក្នុងស្រុកវិជ្ជមាននៅឆ្នាំនេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនបានធ្លាក់ចុះ។ ជាក់ស្ដែងនៅអាស៊ានប្រទេសហ្វីលីពីន គ្រោងនឹងកត់ត្រាកំណើនផលិតផលក្នុងស្រុកអវិជ្ជមាន ៨.៣% ខណៈដែលប្រទេសម៉ាឡេស៊ី ដូចទៅនឹងប្រទេសសិង្ហបុរីដែរនឹងធ្លាក់ចុះ ៦%៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress