ប្រជាជនហ្វីលីពីនយ៉ាងតិច ៤.៨ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

ប្រជាជនហ្វីលីពីនយ៉ាងតិច ៤.៨ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19 ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីនលោកស្រី Bernadette Romulo-Puyat បាននិយាយថា រហូតមកដល់ពេលនេះចំណូលទេសចរណ៍អន្តរជាតិ ៧៧% បើធៀបនឹងឆ្នាំមុន ត្រូវបានបាត់បង់ដោយសារការហាមឃាត់មិនឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនា។

លោកស្រីបានបន្ថែមថា វិស័យទេសចរណ៍បានផ្តល់ការងារដល់ប្រជាជនចំនួន ៥.៧ លាននាក់នៅក្នុងឆ្នាំ ២០១៩ ។ រហូតមកដល់សព្វថ្ងៃនេះកម្មករចំនួន ៤.៨ លាននាក់បានរងផលប៉ះពាល់ ដែលបណ្ដាលឱ្យពួកគេបាត់បង់ការងារ ឬកាត់បន្ថយប្រាក់ខែ។

នៅឆ្នាំ ២០១៩ ហ្វីលីពីនបានកត់ត្រាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨.២៦ លាននាក់ និង ១១០ លាននាក់នៃការមកដល់នៃភ្ញៀវទេសចរណ៍ក្នុងស្រុក។ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ឧស្សាហកម្មទេសចរណ៍បានចូលរួមចំណែក ១២.៧% ដល់សេដ្ឋកិច្ចហ្វីលីពីនក្នុងឆ្នាំ ២០១៩ ។

ទន្ទឹមនឹងនេះ ហ្វីលីពីនបានចាប់ផ្តើមបើកទិសដៅទេសចរណ៍ជាបណ្តើរៗរបស់ខ្លួន សម្រាប់ការធ្វើដំណើរក្នុងស្រុកដោយមានពិធីសារសុខភាព និងសុវត្ថិភាព។ កាលពីថ្ងៃទី ១ ខែតុលា រដ្ឋាភិបាលហ្វីលីពីនបានបើកជាថ្មី នូវរមណីយដ្ឋានកោះ Boracay ដ៏ល្បីល្បាញនៅកណ្តាលប្រទេសហ្វីលីពីន។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៤ ខែតុលា ប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺ Covid-19 ចំនួន ៣៤៤,៧១៣ នាក់ និងស្លាប់ចំនួន ៦,៣៧២ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet