យោងតាមបទអត្ថាធិប្បាយរបស់សាព័ត៌មាន CNA បានឲ្យដឹងថា ឥណ្ឌាជាប្រទេសផលិតស្បៀងអាហារធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែពិតជារឿងគួរឲ្យហួសចិត្តណាស់ប្រទេសនេះក៏ជាកន្លែងដែលមានប្រជាជនអត់ឃ្លានច្រើនជាងគេនិងមួយភាគបីនៃកុមារដែលខ្វះអាហារូបត្ថម្ភនៅលើពិភពលោក ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០២ ក្នុងចំណោមប្រទេសចំនួន ១១៧ នៃសន្ទស្សន៍ភាពអត់ឃ្លានសកល។
ជាមួយគ្នានេះដែរការផ្ទុះឡើងនៃជំងឺរាតត្បាតរ៉ាំរ៉ៃ (Covid-19) បានធ្វើឲ្យស្ថានភាពទាំងនេះកាន់តែធ្ងន់ធ្ងរ ខណៈវីរុសនេះបានរំខានដល់ប្រព័ន្ធស្បៀងអាហារពិភពលោក និងក្នុងស្រុក ហើយប្រជាជនក្រីក្រនិងអត់ឃ្លានរបស់ឥណ្ឌាកំពុងរងផលប៉ះពាល់អាក្រក់ ជាងពេលណាៗទាំងអស់។ គួរឲ្យដឹងផងដែរថា កាលពីដើមឆ្នាំនេះមុនពេលមានរោគរាតត្បាត ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកង្វះខាតពាណិជ្ជកម្មដែលមានសក្ដនុពល ដែលបណ្ដាលមកពីប្រទេសនានា ពិចារណាលើការរឹតត្បិតពាណិជ្ជកម្មលើប្រទេសចិនដែលរួមមាន គ្រឿងឧបភោគបរិភោគដូចជា ស្រូវ ខ្ទឹមបារាំង ដំឡូងបារាំង បន្លែ ស្វាយ និងទឹកឃ្មុំ។

ទន្ទឹមនឹងនេះប្រទេសក៏កំពុងស្វែងរកការនាំចេញផលិតផលកសិកម្មដែលមានតម្លៃ ១០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយចាប់យកទីផ្សារថ្មីនៅអាមេរិកឡាទីន និងអូសេអានី។ ហើយផលិតផលកសិកម្មទាំងនោះត្រូវបានគេរំពឹងថា នឹងប្រមូលផលបាន ២៩៥.៧ លានតោននៅឆ្នាំនេះ។ ប៉ុន្តែដោយសារវីរុស Covid-19 ដែលត្រូវបានរកឃើញដំបូងក្នុងប្រទេសនៅខែមីនា បានផ្លាស់ប្ដូរស្ថានភាពរបស់ឥណ្ឌា ១៨០ ដឺក្រេ ខណៈការបិទទ្វារនៅទូទាំងប្រទេសបានធ្វើឲ្យប្រទេសក្រឡាប់ចាក់ រួមទាំងប្រព័ន្ធស្បៀងអាហារដែលបែកបាក់ និងផុយស្រួយ និងបណ្តាញផ្គត់ផ្គង់។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានប៉ាន់ប្រមាណថាជិត ៤០% នៃអាហារដែលផលិតនៅក្នុងប្រទេសឥណ្ឌាត្រូវបានបាត់បង់ ឬ ខ្ជះខ្ជាយ ជារៀងរាល់ឆ្នាំ ដោយសារតែបណ្តាញផ្គត់ផ្គង់មិនមានប្រសិទ្ធភាព។ កង្វះកន្លែងត្រជាក់ និងកន្លែងស្តុកទុកនៅក្នុងប្រទេសឥណ្ឌាក៏ធ្វើឲ្យ ២០% នៃផលិតកម្មអាហារទាំងមូលត្រូវខាតបង់មុនពេលឈានដល់ទីផ្សារ។ មិនត្រឹមតែប៉ុណ្ណឺងទេ រោគរាតត្បាតបានពង្រីកភាពងាយរងគ្រោះនៃប្រព័ន្ធស្បឿងអាហារជាតិ ដោយវាបានរំខានដល់ សង្វាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងជាតិ ដោយបន្ថែមផលប៉ះពាល់នៃបញ្ហាកាកសំណល់អាហាររបស់ប្រទេស។

លើសពីនេះទៅទៀតរោគរាត្បាតបានធ្វើឲ្យការនាំចូលស្បៀងជាប់គាំងផងដែរ ដោយប្រតិបត្តិការកំពង់ផែ ការបិទផ្លូវ និងការដឹកទំនិញតាមផ្លូវអាកាស បានរារាំងដល់ការធ្វើដឹកជញ្ជូនផលិតផលកសិកម្មនៅទូទាំងប្រទេស។ ជាងនេះទៅទៀតកសិករ និងកម្មករនៅក្នុវិស័យកសិកម្មត្រូវបានបាត់បង់ចំណូល និងខាតបង់ទិន្នផល ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ។ ជាមួយគ្នានេះប្រជាជនដែលធ្វើការនៅក្នុងវិស័យក្រៅផ្លូវការមានចំនួន ៩០% នៃកម្លាំងពលកម្មរបស់ប្រទេសឥណ្ឌាក៏ទទួលរងផលប៉ះពាល់ផងដែរ។

ដោយសារប្រជាជនបានបាត់បង់ការងារ និងប្រាក់ចំណូលតិចតួច បញ្ហាអសន្តិសុខស្បៀងបានហក់ឡើងខ្ពស់ ហើយសន្តិសុខអាហារូបត្ថម្ភកាន់តែយ៉ាប់យ៉ឺនក្នុងចំណោមអ្នកងាយរងគ្រោះ។ ជំរំផ្តល់ជំនួយសង្គ្រោះជិត ៣៨,០០០ កំពុងផ្តល់អាហារជាមូលដ្ឋានដល់ប្រជាជន ១៦ លាននាក់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសឥណ្ឌាក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ តែទោះជាយ៉ាងណាក្ដី ប្រជាជនឥណ្ឌាស្គាល់ភាពអត់ឃ្លានច្បាស់ ហើយប្រជាជន ១៩៦ លាននាក់ត្រូវជួបនឹងខ្វះអាហារូបត្ថម្ភ ហើយកង្វះអាហារូបត្ថម្ភនេះគឺជាបុព្វហេតុចំបងនៃការស្លាប់ និងពិការភាព ដែលបង្ហាញយ៉ាងច្បាស់ណាស់ថា សន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


