យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន ៤,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា។សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។
វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ប្រមាណ ៤៨ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន ១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នេះឯង។
តាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបំផុត ផ្នែកទាំងអស់ដែលស្ថិតនៅក្រោមវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានដំណើរការល្អក្នុងអំឡុង ខែមករាដល់ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនការនាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភព៖ ក្រសួងព័ត៌មាន