យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបង្ហាញវិធានការរឹតបន្តឹងលើការត្រួតពិនិត្យចំណាយ នៅតាមក្រសួងស្ថាប័នរដ្ឋ ដោយមិនអនុញ្ញាតឱ្យចំណាយលើសកម្មភាពណាដែលមិនសូវ ចាំបាច់ មិនទាន់ចាំបាច់ និងលែងចាំបាច់ដើម្បីទុកឥណទានដោះស្រាយចំណាយដែលចាំបាច់ខ្លាំង។
ទន្ទឹមនេះក្រសួងសេដ្ឋកិច្ច នឹងមិនផ្តល់បុរេប្រទាន ដោយគ្មានឥណទាន និង ឬក៏បន្ថែមឥណទានណាទៀតឡើយ លើកលែងតែមានការសម្រេច ដោយឡែករបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឬពីប្រមុខរាជរដ្ឋាភិបាល។
លើសពីនេះទៀតក្រសួង បានសម្រេចកាត់ព្យួរឥណទានចំណាយវិនិយោគសម្រាប់អនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមាន ការសម្រេចរួចហើយពីរាជរដ្ឋាភិបាលរបស់ក្រសួងចំនួន ៤ ដែលមានឥណទានសរុប ៨៧ ០០០ លានរៀល ពីក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងសាធារណការ និងដឹកជញ្ជូន , ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សម្រេចកាត់ព្យួរឥណទានចំណាយត្រៀមបម្រុងមានមុខសញ្ញា សរុបចំនួន ៨៩៦ ៦៩០ លានរៀល ដែលរួមបញ្ចប់កម្មវិធីសាច់ប្រាក់សម្រាប់ពលកម្ម។ មូលនិធិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន ៤ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង , ការទូទាត់ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ របស់គម្រោងផ្លូវល្បឿន លឿនភ្នំពេញ-បាវិត។ ចំណាយត្រៀមបម្រុងសម្រាប់អន្តរាគមន៍ចាំបាច់ផ្សេងៗ និង ចំណាយផ្តល់កំចីដល់រដ្ឋាករទឹកខេត្តសៀមរាប។
ព្រមជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច ក៏បានកាត់បន្ថយលើខ្ទង់ចំណាយមួយចំនួនទៀត ដូចជា កាត់ព្យួរឥណទាន ១៥% នៃឥណទានសរុប លើមុខសញ្ញាចំណាយ រួមមាន៖ ប្រជុំ សិក្ខាសាលា និងសន្និសីទ, សោហ៊ុយបេសកកម្មក្នុងប្រទេស ដោយលើកទឹកចិត្តប្រើប្រពន្ធ័ online (zoom) ជំនួសតាមករណី ដែលអាចធ្វើបាន។
យោងតាមសារាចរខាងលើ បានអោយដឹងថា ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីចំណូលជាតិមានឱនភាព ពោល គឺការអនុវត្តចំណូលត្រីមាសទី១ ឆ្នាំ២០២៤ ដែលជារួមឃើញថា ចំណូលចរន្ត ថវិការដ្ឋមាននិន្នាការថមថយ ហើយរហូតដល់ដំណាច់ឆ្នាំ អាចនឹងសម្រេចបានទាបជាងផែនការដែលបាន កំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤៕
ប្រភព៖ ក្រសួងព័ត៌មាន