អ្នកជំនាញសេដ្ឋកិច្ចជំរុញពលរដ្ឋឱ្យចាប់យកជំនាញវិជ្ជាជីវៈលើវិស័យឧស្សាហកម្មនិងសេវាកម្ម ព្រោះមានតម្រូវការទីផ្សារការងារខ្ពស់
សេដ្ឋកិច្ច February 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្មនឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនឹងមានកំណើនការងារខ្ពស់។

ការព្យាករនេះបានធ្វើការប្រៀបធៀបនៅឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។ ជាក់ស្តែងវិស័យកសិកម្មធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញលើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។

លោកបណ្ឌិតបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជំនាញវិជ្ជាជីវៈដែលបានរៀបចំបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាមាសារសំខាន់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសមរម្យ និងងាយស្រួលក្នុងការបំពេញការងារផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមទៀតថា ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ គឺជាជំនាញដែលបង្កើតកម្រៃបន្ថែមនៅក្នុងការងារខ្ពស់ជាងវិស័យកសិកម្ម ហើយខ្ពស់ជាជាងការងារដែលមិនមានប្រើប្រាស់ជំនាញវិជ្ជាជីវៈ។

បើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា តាមការព្យាករ ចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខ កម្ពុជាអាចនឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។

រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាថយចុះការងារ៣,៥%ក្នុងមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន