ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២ លានដុល្លារសហរដ្ឋអាមេរិក
សេដ្ឋកិច្ច February 10, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា។

ការរីកចម្រើននៃទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុប គឺកើតចេញមួយផ្នែកពីកិច្ចគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម Ministry of Commerce និង សហគ្រិនខ្មែរ Khmer Enterprise ដែលបានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរៀបចំពន្លាតាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលមាន ក្រុមហ៊ុនចំនួន ៨ ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តការណ៍នោះរួមមាន៖ ដែលបានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរៀបចំពន្លាតាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលមាន ក្រុមហ៊ុនចំនួន ៨ ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តការណ៍នោះរួមមាន៖ 1) AMRU RICE (CAMBODIA) CO.,LTD 2). CITY RICE IMPORT EXPORT CO., LTD 3). EANG HEANG IMPORT EXPORT CO., LTD 4). GOLDEN RICE (CAMBODIA) CO., LTD 5). KOMPONG THOM RICE MILL LIMITED 6) LOR EAKHENG SEK MEAS CO., LTD 7). PRIMALIS CORPERATION PLC, AND 8 ). SIGNATURE OF ASIA CO., LTD ៕

ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា