សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលខែសីហា កន្លងទៅនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនមួយនៅហុងកុង ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់អង្ករកម្ពុជានៅក្នុងភោជនីយដ្ឋានចំនួន ២០០សាខានៅហុងកុង។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមព្រឹត្តិបត្រព័ត៌មាន បានឱ្យដឹងថា ឧកញ៉ា សុង សារិន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក យន់ ហុង ប្រធានស្តីទីសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក ចំនួន ២២រូប ធ្វើទស្សនកិច្ចសិក្សាទីផ្សារនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដែលនៅក្នុងដំណើរទស្សនកិច្ចនោះដែរ ប្រតិភូរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមពិព័រណ៍ Hongkong Food and Tea Fair នៅ Hong Kong Convention and Exhibition Center។ នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយ សមាគមអ្នកនាំចូលអង្កររបស់ទីក្រុងហុងកុង និងកិច្ចផ្គូផ្គងពាណិជ្ជកម្មរបស់សមាជិកនៃប្រតិភូទាំងពីរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុន Golden Resource ដែលជាក្រុមហ៊ុននាំអង្ករក្រអូបចូលទីក្រុងហុងកុងធំជាងគេ។ ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានជួបពិភាក្សា និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង TAI HENG Group ដែលជាបណ្តាញភោជនីយដ្ឋានចំនួន ២០០សាខា នៅក្នុងទីក្រុងហុងកុង ដើម្បីប្រើប្រាស់អង្ករកម្ពុជានៅក្នុងភោជនីយដ្ឋានទាំង២០០សាខា។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រតិភូសហព័ន្ធស្រូអង្ករកម្ពុជា ក៏បានជួបពិភាក្សា នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយ Pricerite Group Limited ដែលជាក្រុមហ៊ុន ដែលបាននិងកំពុងលក់អង្ករកម្ពុជានៅតាមសាខារបស់ក្រុមហ៊ុនទាំង ២០សានា និងតាម បណ្តាញអនឡាញ ដែលអនុស្សរណៈយោគយល់ទាំងពីរត្រូវបានចុះ ហត្ថលេខាដោយលោក យន់ ហុង ប្រធានស្ដីទីរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា ហើយលោក យន់ ហុង ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនទាំងអស់ និងសមាគមអ្នកនាំចូលអង្គរហុងកុង ឱ្យមក ទស្សនកិច្ចនៅកម្ពុជាដើម្បី ស្វែងយល់ឱ្យកាន់តែច្បាស់នូវការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា។ ដំណើរទស្សនកិច្ចបានបញ្ចប់ដោយជោគជ័យ និងវិលត្រឡប់មកកម្ពុជាវិញនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទ៖ លីនី