មិនបាច់ទៅផ្ទាល់! អគ្គនាយកដ្ឋានពន្ធដារ ណែនាំម្ចាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ អាចបង់ពន្ធបានតាមរយៈមុខងារថ្មីនៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)
សេដ្ឋកិច្ច September 14, 2023 Khmernote

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន អាចធ្វើការបង់ពន្ធបានតាមរយៈមុខងារថ្មីនៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។

លោក លោកស្រី ជាម្ចាស់យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជី និងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬ ធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទៀតទេ គឺអាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មី នៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួន ដែលមានក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន ៣ រួមមាន៖

– ប័ណ្ណសម្គាល់យានយន្ត
– អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។

សូមបញ្ជាក់ថា ការប្រកាស និងបង់ប្រាក់លើមធ្យោបាយដឹកជញ្ជូន នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ៕

អត្ថបទ៖ លីនី